អ្នកជំនាញការជាន់ខ្ពស់អន្តរជាតិផ្នែកបេតិកភណ្ឌរបស់អាយស៊ីស៊ី-អង្គរចុះពិនិត្យការដ្ឋានក្នុងតំបន់រមណីយដ្ឋានអង្គរ


គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) នឹងចាប់ដំណើរការកិច្ចប្រជុំបច្ចេកទេសលើកទី២៧ និងពេញអង្គលើកទី២៣របស់ខ្លួននាព្រឹកថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះហើយ នៅសាលសន្និសីទអង្គរនៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
កិច្ចប្រជុំនេះមានអ្នកជំនាញជាតិ-អន្តរជាតិជាច្រើនប្រទេសចូលរួម ព្រមទាំងពិភាក្សាជាសំខាន់លើបញ្ហាផ្សេងៗទាក់ទងនឹងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរប្រកបដោយចីរភាព។ តាមទម្លាប់ មុនពេលចាប់ផ្តើមបើកកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ អ្នកជំនាញការជាន់ខ្ពស់ ADHOC ផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍របស់អាយស៊ីស៊ី-អង្គរ តែងតែចុះទៅពិនិត្យនៅតាមការដ្ឋានជួសជុល និងមើលការងារស្រាវជ្រាវផ្សេងៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរមុនជាប្រចាំ ដើម្បីវាយតម្លៃ ណែនាំ និងពិនិត្យមើលការអនុវត្តនោះតើត្រឹមត្រូវ និងអនុលោមតាមអនុសាសន៍ដែលបានផ្តល់ឱ្យកន្លងមកដែរឬទេ?
ជាក់ស្តែងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ អ្នកជំនាញការជាន់ខ្ពស់អន្តរជាតិផ្នែកបេតិកភណ្ឌ បានចុះ ទៅពិនិត្យមើលការដ្ឋានដែលកំពុងដំណើរនៅក្នុងតំបន់អង្គរទាំងផ្នែកជួសជុល ទល់ទ្រ និងការដ្ឋានស្រាវជ្រាវមួយចំនួន ព្រមទាំងបានស្តាប់បទបង្ហាញពីអ្នកជំនាញ រួមទាំងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាដែលពាក់ព័ន្ធក្នុងកិច្ចការទាំងនេះផងដែរ។ ចំណែកនៅថ្ងៃទី២២ ដល់២៣ ខែមករា ឆ្នាំ២០១៧ ក្រុមអ្នកជំនាញការ ADHOC ទាំងពីរផ្នែកនឹងសរសេររបាយការណ៍បច្ចេកទេសដាក់ជូនអង្គប្រជុំអាយស៊ីស៊ី-អង្គរ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដល់អ្នកទទួលខុសត្រូវតាមការដ្ឋាននានារបស់ខ្លួនអនុវត្តការងារបន្តប្រកបដោយលក្ខណៈបច្ចេកទេស ធានាបាននូវសុវត្ថិភាពរបស់បេតិកភណ្ឌទាំងអស់។
គួររំឭកផងដែរថា គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) តែងតែបើកអង្គប្រជុំរបស់ខ្លួន២ដងក្នុង១ឆ្នាំ ដើម្បីពិនិត្យមើលការដ្ឋានជួសជុល បូកសរុបលទ្ធផលការងារ ផ្តល់អនុសាសន៍ និងតាមដានការផ្តល់អនុសាសន៍ដែលអង្គរប្រជុំផ្តល់ឱ្យ ដល់ស្ថាប័នអាជ្ញាធរជាតិអប្សរាដើម្បីអនុវត្តផែនការរៀបចំ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានអង្គរប្រកបដោយចីរភាព៕