សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០២០ របស់កងទ័ពជើងទឹក


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២០ របស់កងទ័ពជើងទឹក។

ពិធីបិទសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរងកងទ័ពជើងទឹក នាយទាហាន នាយទាហានរង និងពលទាហានយ៉ាងច្រើនផងដែរ។

នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានថ្លែងថា ជារៀងរាល់ឆ្នាំ កងទ័ពជើងទឹកតែងតែយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបានខិតខំកសាង និងពង្រឹងប្រៀបការពារជាតិ ដោយបានពង្រឹង ប្រព័ន្ធលេណដ្ឋានប្រយុទ្ធ បញ្ហាប្រយុទ្ធ អាវុធគាំទ្រគ្រប់ប្រភេទ សង្កេតការណ៍គ្រប់គ្រងសភាពការណ៍ និងរាយការណ៍បានជាប្រចាំតាមឋានានុក្រម។ ទន្ទឹមនេះ ក៏បានជំរុញកិច្ចសហការ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធដ៏ទៃទៀត ពង្រឹងការអនុវត្តន៍ច្បាប់ ពង្រឹងភូមិ-ឃុំសុវត្ថិភាព ទប់ស្កាត់ និងបង្ក្រាបភាពអនាធិបតេយ្យ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានាសុវត្ថិភាពជូនគណប្រតិភូជាតិ-អន្តរជាតិ និងពិធីផ្សេងៗ បានយ៉ាងល្អប្រសើរ។

នាយខេត្តមនាវី ទៀ វិញ បានបន្តថា នៅក្នុងឆ្នាំ២០១៩ ក៏ដូចជាបណ្តាឆ្នាំមុនៗដែរ កងទ័ពជើងទឹក បានបន្តយកចិត្តទុកដាក់បង្កើនការងារហ្វឹកហ្វឺន អប់រំនយោបាយសតិអារម្មណ៍ ដល់យោធិនគ្រប់រូប ក្នុងគោលបំណង ដើម្បីពង្រឹងមនសិកាស្នេហាជាតិស្មារតីភ្ញាក់រលឹក គោរពបទវិន័យបទបញ្ជា ចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារភាពសុខដុមរមនា របស់ប្រជាជន ព្រមទាំងចូលរួមចំណែក ដល់ការអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទ និងសង្គមជាតិ។ ទន្ទឹមនឹងនេះ បានយកចិត្តទុកដាក់ការងារហ្វឹកហ្វឺនជំនាញ ជួយសង្គ្រោះ គ្រោះមហន្តរាយផ្សេងៗ ដើម្បីបង្កើនសមត្ថភាពឱ្យដល់កម្លាំងអន្តរាគមន៍ជួយសង្គ្រោះរបស់អង្គភាព ថែមមួយកម្រិតទៀត។

នាយខេត្តមនាវី ទៀ វិញ បានបញ្ជាក់ថា ការងារធានា ភស្តុភារ ហិរញ្ញវត្ថុ សម្ភារៈបច្ចេកទេស កងទ័ពជើងទឹកបានជំរុញឱ្យស្ថាប័នជំនាញ អនុវត្តក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅ និងការយកចិត្តទុកដាក់ពីស្ថាប័នជំនាញរបស់ថ្នាក់លើ គឺត្រូវគ្រប់គ្រងនិងប្រើប្រាស់ឲ្យបាន
ត្រឹមត្រូវទទួល និងបើកចែកបានគ្រប់នឹងទាន់ពេលវេលាដល់អង្គភាព និងយោធិនគ្រប់ៗរូប ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់កងទ័ពកាន់តែប្រសើរឡើង៕