រដ្ឋបាលខេត្តបន្ទាយមានជ័យបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧


នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកសន្និបាត ធ្វើការ បូកសរុបវាយតម្លៃពីលទ្ធផល ការងារបញ្ហាប្រឈមនិងដំណោះស្រាយនានា ឆ្នាំ២០១៦ ព្រមទាំងកំណត់នូវទិសដៅសម្រាប់ ឆ្នាំ២០១៧ក្រោមអធិបតីភាព ឯកឧត្តម សួន បវរ អភិបាលខេត្ត។

ថ្លែងនៅក្នុងពិធីបើកសន្និបាតនេះ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម សួន បវរ បានមាន ប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្ត្រចតុកោណនិងកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាល យើងពុះពារជំនះបាននូវបញ្ហាប្រឈមធំៗនានាក្នុងឆ្នាំ២០១៦កន្លងមកធ្វើ ឱ្យប្រជាពលរដ្ឋទូទាំង ខេត្តបានបោះជំហានទៅមុខយ៉ាងក្លៀវក្លានិងរឹងមាំជាមួយនឹង សមិទ្ធផលដ៏ធំធេងដែល សម្រេចបានលើគ្រប់វិស័យ។

ឯកឧត្តមបានគូសបញ្ជាក់ថា លើវិស័យសន្តិសុខសណ្តាប់ធ្នាប់សង្គមទូទាំងខេត្ត ឆ្នាំ២០១៦កន្លងទៅនេះ កងកម្លាំងគ្រប់ប្រភេទទាំងនៅក្នុងភូមិសាស្ត្រ ខេត្តក៏ដូចតាមតំបន់ ព្រំដែនរក្សាបាននូវបូរណភាពទឹកដី សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ និងខិតខំប្រកបមុខរបរចិញ្ចឹមជីវិតដោយភាព សុខសាន្ត ព្រមទាំងមានសិទ្ធិសេរីភាពក្នុងការបំពេញ ការងារក៏ដូចបញ្ចេញមតិ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដោយដើរទន្ទឹមនឹងគោលការណ៍ ច្បាប់ក្នុងគោលបំណងលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា។

ការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការបង្ក្រាបនិងទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្សការប្លន់ប្រដាប់អាវុធ ការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍។ល។ ជារួមយើងសម្រេចបានលទ្ធផលល្អច្រើនណាស់ តែការងារនេះនៅតែជាការងារសំខាន់ និងចាំបាច់សម្រាប់យើងនិងឆ្នាំខាងមុខ។

ឯកឧត្តមបន្តទៀតថា លើវិស័យកសិកម្មទោះបីនៅឆ្នាំកន្លងមកនេះខេត្តបានជួប គ្រោះរាំងស្ងួតតំបន់មួយ ចំនួន តែបរិមាណផលស្រូវទទួលបានច្រើននិងការនាំចេញក៏កើន លើសឆ្នាំ២០១៥។

លើសេវាសាធារណៈខេត្តបានលើកម្ពស់ការយកចិត្តទុកដាក់និងជំរុញ ការកសាងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តនានា មានផ្លូវថ្នល់ ស្ពាន លូប្រឡាយទឹក ទំនប់ ស្រះទឹកមណ្ឌលសុខភាពសាលារៀន ពិសេសវិស័យអគ្គិសនីកំពុងតបណ្តាញឱ្យទៅដល់ ទីជនបទដាច់ស្រយាល។

ឯកឧត្តម សួន បវរ បានបញ្ជាក់ទៀតថា ដោយសារឆ្នាំ២០១៧នេះមានសេសសល់ ការងារមួយចំនួន ពីឆ្នាំ២០១៦និងការងារថ្មីៗជាច្រើនទៀត កំពុងរង់ចាំដែលទាមទារនូវបទពិសោធន៍ភាពឆ្នៃប្រឌិត ឱ្យកាន់តែស៊ីជម្រៅ និងរស់រវើកថែម ទៀតនោះ ដែលទាមទារឱ្យអាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ភាគី ពាក់ព័ន្ធទាំងអស់ត្រូវ ខិតខំរួមគ្នាធ្វើការវាយតម្លៃ បញ្ហាប្រឈម មូលហេតុនៃបញ្ហាប្រឈម និងជម្រើសនានា សម្រាប់ជាដំណោះស្រាយ សម្រាប់ជាមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពអនុវត្តន៍ទិសដៅ និងភារកិច្ចឆ្នាំ២០១៧នេះ៕