ក្រសួងឧស្សាហកម្ម៖ កម្ពុជាគឺជាប្រទេសទី១ ក្នុងអាស៊ាន ដែលបានចុះហត្ថលេខាជាមួយសហគមអឺរ៉ុប ស្តីពីការទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប នៅកម្ពុជា


(ភ្នំពេញ)៖ ក្រសួងឧស្សាហម្ម និងសិប្បកម្ម និងអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប (EPO) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប នៅកម្ពុជា អនុស្សារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងគម្រោងអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងឧស្សាហម្មនិងសិប្បកម្ម និងអង្គភាពប្រកាស នីយបត្រតក្កកម្មអឺរ់ុប (EPO) នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងនូវទឹកចិត្តរីករាយ និងមោទនភាព ដែលក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយការិយាល័យប្រកានីយបត្រតក្កកម្មសហគមន៍អឺរ៉ុប ដែលមានសមាជិក របស់ខ្លួនក្នុងសហគមន៍អឺរុប និង ក្រៅសហគមន៍អឺរ៉ុប ចំនួនប្រមាណ ៣៨ ប្រទេស មានន័យថា ការដាក់ពាក្យការពារប្រកាស នីយបត្រតក្កកម្មនៅកម្ពុជា ឬនៅសហគមន៍អឺរ៉ុប ឬនៅប្រទេសជាសមាជិក នឹងមានការ ទទួលស្គាល់គ្នាទៅវិញទៅមកនិងការពារបាននូវស្នាដៃម្ចាស់តក្ករ នៅក្នុងគ្រប់ប្រទេសជាសមាជិក។

ចំពោះផលប្រយោជន៍វិញ គឺកម្ពុជានឹងទទួលបានទំនុកចិត្ត និងទាក់ទាញបានបន្ថែមទៀតនូវការវិនិយោគថ្មីៗ ជាពិសេសពីសហគមន៍អឺរ៉ុប ដែលនឹងជួយបានជាច្រើនដល់ទីផ្សារពលកម្ម និងលើកស្ទួយកំរិតជីវភាពរបស់ប្រជាពលរដ្ឋ។ ចំពោះសំណួរសួរពីការចែកភាគលាភ និងវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសសឹង្ហបុរីលើការងារដូចគ្នានេះ លោក ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ជាមួយសហគមន៍អឺរ៉ុបការដាក់ពាក្យការពារស្នាដៃម្ចាស់តក្កករនៅកម្ពុជា គឺកម្ពុជាទទួលបាន៧៥% និងការិយាល័យប្រកាសនីយបត្រអឺរ៉ុប (EPO) ទទួលបាន២៥% នៃតម្លៃបង់ចូលចំនួន១៨០អឺរ៉ូ។

ចំណែកការចុះហត្ថលេខាជាមួយប្រទេសសឹង្ហបុរី កាលពីឆ្នាំមុន លើ អនុស្សារណៈយោគយល់គ្នា ក្នុងក្របខ័ណ្ឌទ្វេភាគី រហូតដល់ថ្ងៃនេះ យើងទទួលបានការ ដាក់ពាក្យស្នើសុំការពារបានចំនួន ១៥ ប្រកាសនីយបត្រតក្កកម្ម( Patent) ហើយ។

លោក Bennoit Battistelli បានបង្ហាញ នូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តជ្ញាចិត្តខ្ពស់របស់កម្ពុជា ជាពិសេសឆន្ទៈនយោបាយដ៏មុតស្រួចរបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដោយមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាល ដែលអាចឈានទៅសម្រេចបានពិធីចុះហត្ថលេខានាថ្ងៃនេះ។ តាមរយៈនៃការចុះហត្ថលេខាក្នុងថ្ងៃនេះ ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសទី១ ក្នុងអាស៊ាន ដែលបានចុះហត្ថលេខាជាមួយ សហគមន៍អឺរ៉ុប ដែលជាឧប្បបករណ៌គតិយុត្តិមួួយជួយឲ្យកម្ពុជា ទាក់ទាញ និងទទួលបាន ទំនុកចិត្តកាន់តែខ្លាំងចំពោះការវិនិយោគនៅកម្ពុជា ជាពិសេសពីសហគមន៍អឺរុប។

ជាមួយគ្នានេះ លោក Bennoit Battistelli ក៏បាន បង្ហាញពីការយកចិត្តទុកដាក់ទៅលើការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជាផងដែរ៕