សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ របស់រដ្ឋបាលរាជធានីភ្នំពេញ


សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារ២០១៧ របស់រដ្ឋបាលរាជធានីភ្នំពេញត្រូវបានប្រារព្ធពិធីបិទនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្តេចបានកោតសរសើរដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទាំងការងាររដ្ឋបាលផ្តល់សេវាតម្រូវការ សេវាសំណូមពរ កិច្ចការពារសន្តិសុខ សណ្ឋាប់ធ្នាប់ និងស្ថិរភាពសង្គមកន្លងមក ទោះបីជានៅមានចំណុចខ្វះខាតមួយចំនួនក៏ដោយ។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមប្ដេជ្ញាអនុវត្តតាមអនុសាសន៍សម្តេចទាំង ៥ចំណុច៖
១-ខិតខំប្រឹងប្រែងប្រមូលផ្តុំគ្រប់វិស័យ គ្រប់លទ្ធភាពបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ
២-ខិតខំពង្រឹងយន្តការការងារគ្រប់វិស័យ ដើម្បីផ្តល់សេវាសង្គមឱ្យកាន់តែមានប្រសិទ្ធភាព
៣-បន្តរៀបចំ គិតគូរ និងថែរក្សាបរិស្ថាន និងលើកកម្ពស់សោភណភាពទីក្រុង
៤-ពង្រឹងការអនុវត្តច្បាប់ និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ធានាគណនេយ្យភាពជូនប្រជាពលរដ្ឋ
៥-បន្តពង្រឹង និងទប់ស្កាត់រាល់បទល្មើសទាំងអស់ដែលកើតមានតាមមូលដ្ឋាន សំដៅកាត់បន្ថយបទល្មើសផ្សេងៗឱ្យបានជាអតិប្បរមា៕