គ្រូពេទ្យសឹង្ហបុរីថា សម្តេចតេជោសែន មានសុខភាពល្អណាស់


Health Check 21 01 16 2 copy

     សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ​សែន បាន​ថ្លែង​ពី​ក្នុង​មន្ទីរ​ពេទ្យ​នៃ​ប្រទេស​សឹង្ហ​បុរី​ថា គ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា​ សុខ​ភាព​របស់​សម្តេច​មាន​ភាព​ល្អ​ណាស់ ប៉ុន្តែ​បាន​ស្នើ​អោយ​សម្តេច​ធ្វើ​ការ​ហាត់​ប្រាណ​ដោយ​ការ​ហែល​ទឹក​បន្ថែម​ទៀត​ ។ ប្រសាសន៍​បញ្ជាក់​នេះ គឺ​នៅ​ចំ​ថ្ងៃ​ទី៣​ ដែល​សម្តេច​កំពុង​ពិនិត្យ​សុខ​ភាព​នៅ​ក្រៅ​ប្រទេស​ ។

     សម្តេច​បាន​ដក​ស្រង់​សម្តី​គ្រូ​ពេទ្យ សឹង្ហបុរី​ដែល​បញ្ជាក់​ទៀត​ថា​ គ្មាន​ប្រភេទ​ជម្ងឺ​ណា​មួយ​ដែល​ត្រូវ​បារម្ភ​ចំពោះ​សុខភាព​សម្តេច​ទេ បើ​ទោះ​បី​ជា​សម្តេច​មាន​អាយុ​ច្រើន​ជាង​មុន​ក្តី​ ។ សម្តេច​បាន​ថ្លែង​ថា ជា​មួយ​នឹង​សុខ​ភាព​ល្អ​នេះ សម្តេច​នឹង​បន្ត​ការពារ​សន្តិភាព និង​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម បំរើ​ដល់​ជាតិ​និង​ប្រជាជន​បន្ត​ទៀត​ ។

     សម្តេច​តេជោ​សែន បាន​ថ្លែង​ថា​ គ្រូ​ពេទ្យ​បាន​សប្បាយ​ចិត្ត​ដោយ​សារ​សម្តេច​បាន​ឈប់​ជក់​បារី​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​អោយ​សុខភាព​កាន់​តែ​ល្អ​ប្រសើរ​ ។ សម្តេច​បាន​មាន​ប្រសាសន៍​ទៀត​ថា​ គ្រូ​ពេទ្យ​ក៏​បង្ហាញ​ក្តី​រីករាយ​ផង​ដែរ​ ដោយ​ឃើញ​កម្លាំង​ដៃ​កម្លាំង​ជើង​របស់​សម្តេច​នៅ​ខ្លាំង ក្នុង​រាង​កាយ​សម្តេច​ដែល​ជា​កីឡា​ករ​វាយ​កូន​គោល​ ។ ជា​​មួយ​​នោះ សម្តេច​បាន​ប្រាប់​គ្រូ​ពេទ្យ​ថា សម្តេច​អាច​បង្កើន​ពេល​វាយ​កូន​គោល ប្រសិន​ណា​ជា​មាន​ពេល​វេលា​សម្រាក ​និង​មាន​ការ​អនុញ្ញាត​ពី​ចៅ​ និង​ភរិយា ដោយ​សារ​តែ​ពេល​សម្រាក​ខ្លះ​ គឺ​សម្តេច​ត្រូវ​ជួប​ចៅៗ​ដែល​មាន​ពេល​ទំនេរ​ ក្នុង​ថ្ងៃ​ដែល​ឈប់​សម្រាក​ពី​ការ​រៀន​សូត្រ ​។

     សម្តេច​តេជោ​សែន បាន​ថ្លែង​មុន​នេះ​ថា​ សម្តេច​នឹង​វិល​ត្រឡប់​មក​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី​២១ ​មករា ​នេះ បើ​សិន​ជា​ក្រុម​គ្រូ​ពេទ្យ​អនុញ្ញាត​ ។

Health Check 21 01 16 3 copy

Health Check 21 01 16 4 copy

Health Check 21 01 16 5 copy