សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកខូប ២៨ឆ្នាំ នៃការចរចារកសន្តិភាព ក្នុងដំណាក់កាលទី២ រវាងសម្តេច ជាមួយនឹងអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ក្នុងប្រទេសបារាំង ។
គួររំលឹកថា ដំណាក់កាលដែលកម្ពុជាអាចឈានដល់ការចរចារកសន្តិភាពបាន គឺនៅបន្ទាប់ពីអតីតរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានជ្រើសតាំងសម្តេចជានាយករដ្ឋមន្ត្រី នៅដើមឆ្នាំ ១៩៨៥ ។ ក្រោយការឡើងកាន់ជានាយករដ្ឋមន្ត្រីភ្លាម នាជំនាន់នោះ សម្តេចបានមានប្រសាសន៍ថា គេមិនត្រូវទុកអោយប្រជាជនណាម្នាក់បានស្លាប់ដោយសារការអត់បាយ ដោយយើងបានដឹង និងមិនបានដោះស្រាយនោះទេ ។
ក្នុងទិដ្ឋភាពនយោបាយនោះវិញ សម្តេចបានឈ្វេងយល់ថា គ្រប់សង្គ្រាមប្រឈមមុខគ្នាទាំងអស់ គឺមិនអាចបញ្ចប់ដោយចុងកាណុងឡើយ ។ ដូច្នេះហើយការចរចារកសន្តិភាពរវាង សម្តេចតេជោសែន និង សម្តេចព្រះ នរោត្តម សីហនុ បានកើតឡើង ២ដង ជាបន្តបន្ទាប់ ក្នុងប្រទេសបារាំងក្នុងរយៈពេល ៤៩ថ្ងៃ ។
ក្នុងប្រទេសបារាំងនោះ ជំនួបរវាង សម្តេចតេជោ ហ៊ុន សែន ដែលតំណាងភាគីរដ្ឋាភិបាលកំពុងកាន់អំណាច ជាមួយនឹង សម្តេចព្រះ នរោត្តម សីហនុ ដែលតំណាងភាគី ៣ក្រុម តស៊ូនៅជាយដែន បានប្រព្រឹត្តទៅលើកទី១ នៅក្រុង Fere en Tadenoise នៅថ្ងៃទី២ ធ្នូ ឆ្នាំ ១៩៨៧… និងលើកទី២ នៅ Saint-Germain en-Laye នាថ្ងៃទី២០ មករា ឆ្នាំ ១៩៨៨ ។
សម្តេចបានមានប្រសាសន៍ក្នុងហ្វេសប៊ុកថ្ងៃទី២០ មករានេះថា កិច្ចចរចារពេញមួយថ្ងៃ នៅថ្ងៃទី ២០ មករា ឆ្នាំ ១៩៨៨ គឺបានពិភាក្សាលើទិដ្ឋភាពរួម ដើម្បីរកដំណោះស្រាយផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ ដើម្បីបញ្ចប់សង្រ្គាមទាំងស្រុង ។ សម្តេចតេជោសែន បានមានប្រសាសន៍បន្តថា ទោះបីពេលនោះ អតីតសាធារណៈរដ្ឋប្រជាមានិតកម្ពុជា បានគ្រប់គ្រងទឹកដី និងប្រជាពលរដ្ឋជាង ៩០% ក៏ដោយ ក៏ចំពោះរូបសម្តេច គឺបានគិតច្បាស់ថា ត្រូវតែស្វែងរកសន្តិភាពអោយបានសម្រាប់កម្ពុជា ហើយត្រូវទទួលយកបងប្អូនជនភៀសខ្លួននៅតាមជំរំនានាពីព្រំដែន កម្ពុជា-ថៃ វិលត្រឡប់មករស់នៅក្នុងប្រទេសវិញ ។
សម្តេចបានមានប្រសាសន៍ថា សម្តេចបានសម្រេចចិត្តថា ត្រូវតែបញ្ចប់សង្រ្គាមបង្ហូរឈាមខ្មែរ ទោះបីការចរចារពេលនោះជួបនឹងការលំបាក និងត្រូវចំណាយពេលច្រើនឆ្នាំយ៉ាងណា ក៏ត្រូវតែធ្វើការចរចារ ព្រោះវាល្អប្រសើរជាងការប្រយុទ្ឋគ្នាលើសមរភូមិយោធា ដែលធ្វើឱ្យឈាមខ្មែរហូរមិនចេះចប់ ។ ប្រវត្តិសាស្ត្របានសរសេរថា តាមរយៈការចរចាជាបន្តបន្ទាប់នោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោយការប្រជុំនៅថ្ងៃទី១២និង ១៣មីនា ឆ្នាំ ១៩៩០ រួច ប្រទេសនៃមហាអំណាចទាំង៥ បានសម្រេចដកតំណាងរដ្ឋាភិបាលចម្រុះត្រីភាគី ពីអាសនៈខ្មែរនៅអង្គការសហប្រជាជាតិ ហើយប្រគល់អាសនៈ ទៅអោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា SNC វិញ ដែលជាការបញ្ចប់នូវទណ្ឌកម្មសេដ្ឋកិច្ចរបស់ពិភពលោកលើកម្ពុជា ដែលក្រីក្រនាពេលនោះ ។
ការសម្រេចចិត្តដ៏មុតមាំរបស់សម្តេចតេជោនាពេលនោះហើយ ត្រូវគេឃើញបាននាំកម្ពុជាទទួលផលចំណេញ និងឈ្នះទាំងអស់គ្នាមកទល់សព្វថ្ងៃនេះ ។