សម្តេចតេជោសែន រំលឹកខួបចរចា ២៨ឆ្នាំ


Peace Talk 21 01 16 2 copy

     សម្តេច​តេជោ​​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​បាន​រំលឹក​ខូប ​២៨​ឆ្នាំ ​នៃ​ការ​ចរចា​រក​សន្តិភាព​ ក្នុង​ដំណាក់​កាល​ទី​២​ រវាង​សម្តេច ​ជាមួយ​នឹង​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ ​សម្តេច​ព្រះ​ នរោត្តម ​សីហនុ ​ក្នុង​ប្រទេស​បារាំង ​។

     គួរ​រំលឹក​ថា ​ដំណាក់​កាល​ដែល​កម្ពុជា​អាច​ឈាន​ដល់​ការ​ចរចា​រក​សន្តិភាព​បាន គឺ​នៅ​បន្ទាប់​ពី​អតីត​របប​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា បាន​ជ្រើស​តាំង​សម្តេច​ជា​នាយក​រដ្ឋ​មន្ត្រី​ នៅ​ដើម​ឆ្នាំ​ ១៩៨៥​ ។ ក្រោយ​ការ​ឡើង​កាន់​ជា​នាយក​រដ្ឋមន្ត្រី​ភ្លាម នា​ជំនាន់​នោះ សម្តេច​បាន​មាន​ប្រសាសន៍​ថា​ គេ​មិន​ត្រូវ​ទុក​អោយ​ប្រជាជន​ណា​ម្នាក់​បាន​ស្លាប់​ដោយ​សារ​ការ​អត់​បាយ ​ដោយ​យើង​បាន​ដឹង​ និង​មិន​បាន​ដោះ​ស្រាយ​នោះ​ទេ​ ។

     ក្នុង​ទិដ្ឋភាព​នយោបាយ​នោះ​វិញ​ សម្តេច​បាន​ឈ្វេង​យល់​ថា ​គ្រប់​សង្គ្រាម​ប្រឈម​មុខ​គ្នា​ទាំង​អស់ គឺ​មិន​អាច​បញ្ចប់​ដោយ​ចុង​កាណុង​ឡើយ​ ។ ដូច្នេះ​ហើយ​ការ​ចរចា​រក​សន្តិភាព​រវាង​ សម្តេច​តេជោ​សែន និង ​សម្តេច​ព្រះ​ នរោត្តម ​សីហនុ បាន​កើត​ឡើង​ ២​ដង ​ជា​បន្ត​បន្ទាប់​ ក្នុង​ប្រទេស​បារាំង​ក្នុង​រយៈ​ពេល​ ៤៩​ថ្ងៃ​ ។

     ក្នុង​ប្រទេស​បារាំង​នោះ ជំនួប​រវាង ​សម្តេច​តេជោ​ ហ៊ុន សែន ​ដែល​តំណាង​ភាគី​រដ្ឋាភិបាល​​កំពុង​កាន់​អំណាច ជាមួយ​នឹង​ សម្តេច​ព្រះ​ នរោត្តម ​សីហនុ​ ដែល​តំណាង​ភាគី​ ៣​ក្រុម ​តស៊ូ​នៅ​ជាយដែន បាន​ប្រព្រឹត្ត​ទៅ​លើក​ទី១ នៅ​ក្រុង Fere en Tadenoise នៅ​ថ្ងៃ​ទី​២​ ធ្នូ​ ឆ្នាំ​ ១៩៨៧​… និង​លើក​ទី​២ ​នៅ​ Saint-Germain en-Laye នា​ថ្ងៃ​ទី​២០ ​មករា ​ឆ្នាំ ​១៩៨៨​ ។

     សម្តេច​បាន​មាន​ប្រសាសន៍​ក្នុង​ហ្វេស​ប៊ុក​ថ្ងៃ​ទី​២០ ​មករា​នេះ​ថា កិច្ច​ចរចារ​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី ២០ មករា ឆ្នាំ​ ១៩៨៨ គឺ​បាន​ពិភាក្សា​លើ​ទិដ្ឋភាព​រួម​ ដើម្បី​រក​ដំណោះ​ស្រាយ​ផ្ទៃ​ក្នុង​រវាង​ខ្មែរ និង​ខ្មែរ ​ដើម្បី​បញ្ចប់​សង្រ្គាម​ទាំង​ស្រុង ​។  សម្តេច​តេជោ​សែន បាន​មាន​ប្រសាសន៍​បន្ត​ថា ទោះ​បី​ពេល​នោះ អតីត​សាធារណៈរដ្ឋ​ប្រជា​មានិត​កម្ពុជា បាន​គ្រប់​គ្រង​ទឹក​ដី និង​ប្រជា​ពលរដ្ឋ​ជាង​ ៩០% ​ក៏​ដោយ ក៏​ចំពោះ​រូប​សម្តេច គឺ​បាន​គិត​ច្បាស់​ថា ត្រូវ​តែ​ស្វែង​រក​សន្តិភាព​អោយ​បាន​សម្រាប់​កម្ពុជា ហើយ​ត្រូវ​ទទួល​យក​បង​ប្អូន​ជន​ភៀស​ខ្លួន​នៅ​តាម​ជំរំ​នានា​ពី​ព្រំដែន​ កម្ពុជា-ថៃ វិល​ត្រឡប់​មក​រស់​នៅ​ក្នុង​ប្រទេស​វិញ​ ។

     សម្តេច​បាន​មាន​ប្រសាសន៍​ថា​ សម្តេច​បាន​សម្រេច​ចិត្ត​ថា ត្រូវ​តែ​បញ្ចប់​សង្រ្គាម​បង្ហូរ​ឈាម​ខ្មែរ ទោះ​បី​ការ​ចរចារ​ពេល​នោះ​ជួប​នឹង​ការ​លំបាក និង​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​យ៉ាង​ណា ក៏​ត្រូវ​តែ​ធ្វើ​ការ​ចរចារ ព្រោះ​វា​ល្អ​ប្រសើរ​ជាង​ការ​ប្រយុទ្ឋ​គ្នា​លើ​សមរភូមិ​យោធា​ ដែល​ធ្វើ​ឱ្យ​ឈាម​ខ្មែរ​ហូរ​មិន​ចេះ​ចប់ ។ ប្រវត្តិ​សាស្ត្រ​បាន​សរសេរ​ថា តាម​រយៈ​ការ​ចរចា​ជា​បន្ត​បន្ទាប់​នោះ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ ក្រោយ​ការ​ប្រជុំ​នៅ​ថ្ងៃ​ទី​១២​និង ​១៣​មីនា​ ឆ្នាំ​ ១៩៩០ ​រួច ប្រទេស​នៃ​មហា​អំណាច​ទាំង​៥ បាន​សម្រេច​ដក​តំណាង​រដ្ឋាភិបាល​ចម្រុះ​ត្រី​ភាគី​ ពី​អាសនៈ​ខ្មែរ​នៅ​អង្គការ​សហ​ប្រជា​ជាតិ ហើយ​ប្រគល់​អាសនៈ ទៅ​អោយ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​កម្ពុជា SNC​ វិញ ដែល​ជា​ការ​បញ្ចប់​នូវ​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​របស់​ពិភព​លោក​លើ​កម្ពុជា ​ដែល​ក្រីក្រ​នា​ពេល​នោះ​ ។

     ការ​សម្រេច​ចិត្ត​ដ៏​មុត​មាំ​របស់​សម្តេច​តេជោ​នា​ពេល​នោះ​ហើយ ត្រូវ​គេ​ឃើញ​បាន​នាំ​កម្ពុជា​ទទួល​ផល​ចំណេញ និង​ឈ្នះ​ទាំង​អស់​គ្នា​មក​ទល់​សព្វ​ថ្ងៃ​នេះ​ ។

Peace Talk 21 01 16 3 copy

Peace Talk 21 01 16 4 copy

Peace Talk 21 01 16 5 copy