ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលមន្រ្តីស្តីពី «វិធីសាស្រ្តមូលដ្ឋានប្រើប្រាស់សម្រាប់ការតាមដាន និងវាយតម្លៃគម្រោង​ និងកម្មវិធី»


វគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្រ្តមូលដ្ឋានប្រើប្រាស់សម្រាប់ការតាមដាន និងវាយតម្លៃគម្រោងនិងកម្មវិធី»បានឆ្លុះបញ្ចាំងពីសារៈសំខាន់ និងតម្រូវការចាំបាច់នានាដើម្បីរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសកម្មភាពឆ្លើយតបយេនឌ័រ ព្រមទាំងកិច្ចការចាំបាច់មួយចំនួនក្នុងការពង្រឹងសមត្ថភាព និង ភាពអង់អាចដល់ស្រ្តី យុវជន ដើម្បីបង្កើនប្រសិទ្ធភាពការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យ បរិស្ថាន។ នេះជាការលើកឡើងរបស់លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពេេលអញ្ជើញចូលរួមជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្រ្តមូលដ្ឋានប្រើប្រាស់សម្រាប់ការតាមដាន និងវាយតម្លៃគំរោងនិងកម្មវិធី» ដល់មន្រ្តីរាជការជាជនបង្គោល មកពីមន្ទីរបរិស្ថាន ២៥ខេត្ត ក្រុង នៅខេត្តសៀមរាប។

លោកជំទាវ ព្រំ សុភី បន្តទៀតថា៖ កម្មវិធីបណ្តុះបណ្តាលនេះ ជួយពង្រឹងចំនេះដឹងដល់មន្រ្តី សម្រាប់ការរៀបចំរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញាស្តីពីការលុប បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ(CEDAW)និងជាឱកាសផ្តល់ជូនមន្រ្តីជំនាញ ទទួលបាននូវចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់វិធីសាស្រ្តតាមដាន និងវាយតម្លៃបានត្រឹមត្រូវ។ ជាមួយគ្នានេះ លោកជំទាវ បានបន្ថែមថា ដើម្បីពង្រឹងការអនុវត្តការតាមដាន និងវាយតម្លៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ មន្រ្តីជំនាញដែលទទួលបានវគ្គបណ្តុះបណ្តាលនេះ នឹងធ្វើការចែករំលែកចំណេះដឹង និងធ្វើការបណ្តុះបណ្តាលបន្តជូនដល់សមាជិកក្រុមការងារ បច្ចេកទេសយេនឌ័រ សមាជិកគណៈកម្មាធិការសម្រប សម្រួលបច្ចេកទេស កុមារតូចវិស័យបរិស្ថាន ក៏ដូចជាជនបង្គោលយេនឌ័រនៃអង្គភាពចំណុះក្រសួងបរិស្ថាន ដើម្បីឱ្យពួកគាត់កាន់តែបានយល់ច្បាស់ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារតាមដាននិងវាយតម្លៃ ។

គួរបញ្ជាក់ថា៖វគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្រ្តមូលដ្ឋានប្រើប្រាស់សម្រាប់ការតាមដាន និងវាយតម្លៃគម្រោង​ និងកម្មវិធី»ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគោលបំណងពង្រឹងចំណេះដឹងជាមូលដ្ឋានស្តីពីការតាមដាន វាយតម្លៃនិងការកំណត់ និងវាស់វែងសូចនាករហើយផ្តល់នូវចំណេះដឹងជាមូលដ្ឋាន ស្តីពីការគ្រប់គ្រងទិន្នន័យ និងផ្តល់លទ្ធភាពឱ្យក្រុមការងារ មានលទ្ធភាពផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត ព្រមទាំងមានទំនុកចិត្តក្នុងការបំពេញការងារតាម ដាន និងវាយតម្លៃ បានត្រឹមត្រូវ ងាយស្រួល បានលឿន និងមានប្រសិទ្ធភាព៕