មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍៖ ក្រសួងបានដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣ មានទិសដៅចម្បងជំរុញឲ្យមានការផ្លាស់ប្តូរគុណភាព នៃការរស់នៅរបស់ប្រជាជន


(ក្រចេះ)៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅសាលមហោស្របខេត្តក្រចេះ ក្រោមអធិបតី ឯកឧត្តម ឈឹម សៅគី រដ្ឋលេធិការក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ ប្រធានមន្ទីរ អង្គភាព ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋា៎ភិបាល អាជ្ញាធរដែនដីស្រុក ក្រុង ឃុំ សង្កាត់ស្មៀនឃុំផងដែរ។

ឯកឧត្តម ប៉ែន លីណាត បានថ្លែងថា កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ ពិតជាឱកាសដ៏មានសារៈសំខាន់សម្រាប់ លោក លោកស្រី បានទទួលជ្រាបនូវព័ត៌មានអភិវឌ្ឍ និងស្ថានភាពទូទៅក្នុងខេត្ត ក៏ដូចជា ស្ថានភាពទូទៅរបស់ប្រទេសយើងទាំងមូល។

ឯកឧត្តមថា សមិទ្ធិផលជាច្រើន ដែលបានមកនេះ សុទ្ធសឹងតែជាកម្លាំងញើសឈាម និងការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងដៃគូអភិវឌ្ឍនានារបស់យើងរួមគ្នាគាំទ្ររួមគ្នាកសាង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារប្រទេសមួយនេះចេញពីភាពក្រីក្រ ហើយត្រូវបានមជ្ឈដ្ឋានជុំវិញជឿជាក់ថា កម្ពុជានៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយឆ្នាំ២០៥០ នឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ដូចបណ្តាប្រទេសនានាលើសកលលោក។

ឯកឧត្តម ឈឹម សៅគី បានចាត់ទុកថា ការខិតខំប្រឹងប្រែងទាំងនេះ បានមកក៏ដោយសារកត្តាសន្តិភាពជាតម្លៃមួយ ដែលមិនអាចឲ្យជនណាមួយកាត់ថ្លៃបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ២០១៩-២០២៣ ដែលមានទិសដៅចម្បងគឺជំរុញឲ្យមានការផ្លាស់ប្តូរគុណភាព នៃការរស់នៅរបស់ ប្រជាជនជនបទទាំងខាងសម្ភារនិងស្មារតី។ លើមូលដ្ឋាននេះ ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់យកផែនការយុទ្ធសាស្រ្តចំនួន៤ ដែលប្រែក្លាយទៅជាកម្មវិធី នៃការងាររបស់ក្រសួង សម្រាប់រយៈពេល៥ឆ្នាំខាងមុខ។

ក្រសួងបានកំណត់កម្មវិធីអាទិភាពចំនួន៤ រួមមាន៖

*ការអភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស
*ការអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍
*ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ
*ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ។

ឯកឧត្តមក៏បានបញ្ជាក់អំពីភាពរីចម្រើន នៃវិស័យអភិវឌ្ឍជនបទ ដោយបានលើកបង្ហាញពីសមិទ្ធផលចម្បងៗ ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០១៩ ដោយផ្អែកតាមយុទ្ធសាស្ត្រ ដែលមានកក្តារួមផ្សំជាច្រើន សហការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា។

ឯកឧត្តមរដ្ឋលេខាបានស្នើសុំឲ្យមានការចូលរួមគាំទ្រ និងអនុវត្តឲ្យបានសកម្មបន្តទៀត នូវគោលនយោបាយសំខាន់ៗលើវិស័យអភិវឌ្ឍន៍ជនបទ និងទិសដៅការងារសំខាន់ៗ ដែលត្រូវអនុវត្តនៅឆ្នាំ២០២០ ឲ្យទៅជាចលនារួមដ៏ខ្លាំងក្លា សំដៅសម្រេចឲ្យបានជាផ្លែផ្កាបន្តទៀតសម្រាប់ឧត្តមប្រយោជន៍របស់ជាតិ៕