ឯកឧត្តម សុខ ឥសាន៖ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បើអ្នកនយោបាយគោរព និងធ្វើត្រឹមត្រូវ នោះពិតជាគ្មានបញ្ហាទេ


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា ក្នុងដំណើរឆ្លងកាត់ប្រវត្តិសាស្ត្រជិត៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានឆ្លងកាត់ឧបសគ្គដ៏ច្រើនមហិមា បង្កើតដោយមហិច្ឆតាចងកម្មចងពៀរពីគណបក្សប្រឆាំង និងគណបក្សប្រកួតប្រជែង ដែលមានអត្ថិភាពក្នុងសង្គមកម្ពុជា ។

ឯកឧត្តម បានបន្តថា ដោយមានមហិច្ឆតាចង់បានអំណាច ពួកគេមិនព្រមគោរពច្បាប់និងគោលការណ៏លទ្ធិប្រជាធិបតេយ្យទេ ពួកគិតតែរំលោភបំពានច្បាប់និងគោលការណ៏ជាធរមាន ហើយនាំគ្នាស្រែកបន្ទរថាមានការគាបសង្កត់ពីគណបក្សកាន់អំណាចទៅវិញ បំភាន់មតិសាធារណៈជាតិនិងអន្តរជាតិ ។

ឯកឧត្តម បានបញ្ជាក់ថា ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បើអ្នកនយោបាយ និងគណបក្សនយោបាយនាំគ្នាគោរពនិងអនុវត្តឲ្យបានត្រឹមត្រូវទៅ នោះពិតជាគ្មានបញ្ហាអ្វីស្មុគ្រស្មាញនៅក្នុងសង្គមទ្បើយ តែមកតែពីអំពើតាមចងកម្មចងពៀរពីអ្នកនយោបាយនិងគណបក្សប្រកួតប្រជែងតែប៉ុណ្ណោះ ។ ចំណែក គណបក្សប្រជាជនកម្ពុជា មិនមានវប្បធ៌មចងកម្មចងពៀរជាមួយអ្នកនយោបាយណា និងគណបក្សនយោបាយណាទ្បើយ ។បេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា មានតែប្តេជ្ញាការពារឲ្យបានសន្តិភាព ស្ថេរភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធរណៈសង្គម ជូនជាតិមាតុភូមិតែប៉ុណ្ណោះ ។