ប្រកាសចូលកាន់តំណែងជូនមន្រ្ដីរាជការមួយចំនួន នៅមន្ទីរកសិកម្ម ពាណិជ្ជកម្ម និងការងារនៅខេត្តកំពង់ធំ


(កំពង់ធំ)៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសចូលកាន់តំណែងមន្រ្ដីរាជការក្នុងរចនាសម្ព័នមន្ទីរ អង្គភាព ជុំវិញខេត្តកំពង់ធំ ក្រោមអធិបតី ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាលរង ប្រធាន អនុប្រធានមន្ទីរអង្គភាព កងកម្លាំងទាំងីប្រភេទចូលរួមជាង ៣០០នាក់។

ក្នុងពីប្រកាសមានការផ្លាស់ប្តូរមន្រ្តីចំនួន ៣រូប ដើម្បីបំរើការងារក្នុងវិស័យកសិកម្មឲ្យមានប្រសិទ្ធិភាពជាងមុន ដូចជា សុខភាពសាធារណៈ, ការគ្រប់គ្រង់ចលនាសត្វ ជូ្រក គោ ក្របី សាច់ឲ្យមាន គុណភាពល្អមុនលក់ចែកចាយក្នុងទីផ្សារនៅក្នុងខេត្តកំពង់ធំ។

ឯកឧត្តម តាន់ ម៉េងឆាង ត្រូវបានថ្នាក់ដឹកនាំខេត្តកំពង់ធំ ផ្តល់ទំនុកចិត្តឲ្យបំពេញតួនាទីដោយបានតែងតាំងជាប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ ជំនួសលោក ចាន់ បញ្ញាវ័ន្ត ឲ្យមកកាន់តំណែងជាប្រធានការិយាល័យនីតិកម្មកសិកម្ម ចំណែកលោក សំរិត គ្រុយ ត្រូវបានទទួលតំណែងអនុប្រធានការិយាល័យកសិឧស្សាហកម្ម។

ឯកឧត្តម តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ធំថ្មី បានប្តេជ្ញាចិត្តគោរព និងអនុវត្តច្បាប់រដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា គោរពគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ និងកំណែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ដោយទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចនៅក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានរ៉ឹងមាំខិតខំកសាងខ្លួន ពង្រឹងសមត្ថភាពឲ្យមាន គុណភាពនិងតម្លាភាពដើម្បីពលរដ្ឋ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសំណូមពរឲ្យប្រធានក្រុមប្រឹក្សា ក្រុងស្រុក អភិបាលក្រុងស្រុក ស្វែងយល់បន្ថែមពីលិខិតបទដ្ឋាននានា។ សម្តេចតេជោ បានមានប្រសាសន៍ថា អភិបាលខេត្តប្រៀបដូចជានាយករដ្ឋមន្រ្តី ថ្នាក់ក្រោមជាតិ ដាក់ការងារគ្រប់វិស័យទាំងអស់ ទាំងជំនាញមន្ទីរអង្គភាព រហូតកម្លាំងគណៈបញ្ជាការឯកភាពទាំងអស់ និងត្រូវយល់អំពីការដឹកនាំ ការគ្រប់គ្រង នៅកន្លែងនីមួយៗ ពីតួនាទីភារកិច្ចរបស់ខ្លួន។

ឯកឧត្តមបានបន្ដថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំផ្តាំផ្ញើឲ្យលោកប្រធានការិយាល័យថ្មី និងមន្រ្តីដែលត្រូវបានតែងតាំង សូមឲ្យគោរពតួនាទី ប្រឹងប្រែងអនុវត្តការងារឲ្យ មានប្រសិទ្ធភាព និងគុណភាព ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ សហការសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ និងខិតខំឲ្យអស់ពីសមត្ថភាព ក្នុងការបំរើប្រជាពលរដ្ឋ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។

គួរបញ្ជាក់ថា ការប្រកាសចូលកាន់តំណែងមាន ៤អង្គភាពរួមមាន៖

*ការិយាល័យប្រជាពលរដ្ឋម្នាក់
*មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ១៣នាក់
*មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២នាក់
*មន្ទីរពាណិជ្ជកម្ម ២នាក់៕