រដ្ឋបាលខេត្តកំពត ប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត»


(កំពត)៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ក្រុងសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋ ជាង១៤០០នាក់ ចូលរួមប្រារព្ធទិវាជាតិ ទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» នៅមណ្ឌលពហុកីឡដ្ឋានខេត្តកំពត។

ឯកឧត្តម លាង រឿងសុភី អភិបាលក្រុងកំពត បានឲ្យដឹងពីលទ្ធផលការងារប្រឡងប្រណាំងទីក្រុងស្អាត ថ្នាក់ជាតិលើកទី១ (ឆ្នាំ២០១៥-២០១៨)របស់រដ្ឋបាលក្រុងកំពត។ ក្រោមការជួយគាំទ្រសព្វបែបយ៉ាង ពីរដ្ឋបាលខេត្តក៏ដូចជាមន្ទីរជំនាញ និងការចូលរួមរបស់ប្រជាពលរដ្ឋ អាជីវករ អង្គការសមាគមន៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងការអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះ បាននាំឲ្យក្រុងកំពតទទួលបានជ័យលាភីរំដួលបីទង។ ជាមួយគ្នានោះដែរក្រុងកំពត ក៏ទទួលបានជ័យលាភី ជាក្រុងបេក្ខភាព ក្រុងបដិសណ្ឋារកិច្ចល្អ ក្នុងការផ្ដល់សេវាសាធារណៈទទួលបានជ័យលាភីស្នាមញញឹម ២ទៀតផង។

រីឯការប្រឡងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិលើកទី២ ឆ្នាំ២០១៩-២០២០ ក្រុងកំពតក៏បន្តទទួលបានជ័យលាភីរំដួល ៣ទង។ ចំណែកឯ ការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ (២០២០-២០២២) ក្រុងកំពតក៏បន្តទទួលបានពានរង្វាន់ជ័យលាភី ថែមទៀត និងជាមួយគ្នានេះដែរ ក្រុងកំពតក៏ជាក្រុងដែលមានវិថីម្ហូបអាហារស្អាតនាំឲ្យមានកម្មវិធីនាថ្ងៃនេះ។

ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ជាវ តាយ បានថ្លែងថា ការប្រារព្ធទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទរបស់ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបមហាស្អាត» នាពេលនេះ គឺក្នុងគោលបំណង ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីទីក្រុងស្អាត និងការសម្អាតទីក្រុងកំពត ឲ្យមានសោភ័ណភាពស្រស់បំព្រង សាកសមជាទីក្រុង ដែលទទួលបានជ័យលាភីផ្ការំដួល ៣ទង និងជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តការអានសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងឱកាសអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០។

ក្នុងសារលិខិត របស់សម្ដេចតេជោមានជាអាទិ៍ថា ក្នុងស្មារតីឆ្លើយតបទៅនឹងការវិវត្ត និងនិន្នាការអភិវឌ្ឍន៍ថ្មីៗនេះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់ពីរ ដែលត្រូវគិតគូរស្របពេលគ្នា គឺការបង្កើនឧត្ដមភាពប្រកួតប្រជែង និងការធានានិរន្តរភាពនៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះកម្ពុជា ក៏បានដាក់ចេញនៅយុទ្ធនាការ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋាកិច្ចល្អ ដែលជាយុទ្ធសាស្ត្រ ដ៏សមស្របក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាមាសបៃតង នឹងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត បៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់។

ទិវាជាតិ ទីក្រុងស្អាត ឆ្នាំទី៨ នៃប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» គឺជាការឆ្លុះបញ្ជាំងយ៉ាងច្បាស់ថា វិថីម្ហូបអាហារគឺជាផលិតផលទេសចរណ៍ ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអាចផ្ដល់នូវបទពិសោធន៍ និងការចងចាំសម្រាប់ភ្ញៀវទេសចរណ៍ ដែលជាទូទៅទេសចរណ៍ តែងប្រាថ្នាចង់ដើរកម្សាន្ត និងទទួលទានម្ហូបអាហារដែលប្រកបដោយអនាម័យ និងជឿទុកចិត្ត ខណៈដែលវិថីម្ហូបអាហារ ក៏ជាផ្នែកមួយនៃទេសចរណ៍ម្ហូបអាហារ ដែលផ្សារភ្ជាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ទៅនឹងជីវភាពប្រជាជន វប្បធម៌ និងទំនៀមទម្លាប់ព្រមទាំងជួយជំរុញអាជីវកម្មខ្នាតតូចបែបគ្រួសារ ឱ្យរីកលូតលាស់បានយ៉ាងមានប្រសិទ្ធភាព។ ជាការពិតវិស័យទេសចរណ៍ និងម្ហូបអាហារមានទំនាក់ទំនងជាសារវ័ន្តពីរ គឺម្ហូបអាហារ ជាផលិតផលទេសចរណ៍ ឬសេវាកម្មទេសចរណ៍ និងម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍ដ៏ទាក់ទាញ។

ក្រោយពីការអានចប់នូវសាររបស់សម្តេចតេជោរួចមក ឯកឧត្តមអភិបាលខេត្ត ជាវ តាយ ក៏បានដឹកនាំអង្គពិធីទាំងមូល ធ្វើយុទ្ធនាការ ចុះធ្វើពលកម្ម សម្អាតអនាម័យ តាមដងផ្លូវសួនសាធារណៈក្នុងក្រុងកំពតផងដែរ៕