រដ្ឋមន្ត្រីទេសចរណ៍ និងអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយពីការងាររៀបចំបុណ្យទន្លេឆ្នាំ២០២០ នៅខេត្តបាត់ដំបង


(បាត់ដំបង)៖ នាព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយអំពីការងារត្រៀមរៀបចំបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។

ពិធីបុណ្យទន្លេលើកទី៦នេះ នឹងមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ១៤ ១៥ ខែមីនា ឆ្នាំ២០២០ ដែលក្នុងនោះ នឹងមានរៀបចំជាព្រឹត្តិការណ៍មុនពិធី (Pre Event) និងសកម្មភាពជាច្រើន រួមមាន៖
-ពិធីដាំដើមឈើ
-សិក្ខាសាលាស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍
-ពិធីបួងសួង និងក្រុងពាលី
-កីឡាជិះកង់កម្សាន្ត ១០គម
-រត់ប្រណាំងកំសាន្ត
-ការប្រកួតកីឡាបាល់ទាត់ បាល់ទះមិត្តភាព
-កីឡាប៉េតង់
-ប្រដាល់គុណខ្មែរអន្តរជាតិ
-កីឡាចំបាប់បុរាណ
-កីឡាទាញព្រាត់
-ការប្រកួតអុកចត្រង្គ
-ការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម ផលិតផលបរទេស
-មហោស្រពម្ហូបអាហារ និងភេសជ្ជៈ
-ការសំដែងទស្សនីយភាពសិល្បៈវប្បធម៌ និងការប្រគំតន្ត្រី
-ការបាញ់កាំជ្រួចអបអរសាទរបុណ្យទន្លេ។

គួរកត់សំគាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនេះ នាថ្ងៃទី ១៤ មីនា ឆ្នាំ២០២០ ខាងមុខនេះ។

សូមជម្រាបជូនថា ពិធីបុណ្យ​ទន្លេត្រូវបានកំណត់ដោយ​អនុក្រឹត្យ​លេខ ​​​​២៦៥ អនក្រ.បក ចុះថ្ងៃទី​០១ ខែតុលា ឆ្នាំ២០១៤ ក្នុង​គោល​បំណង​បង្កើតព្រឹត្តិការណ៍ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេ ​ពិសេស​រួម​​ចំណែកដល់ការជំរុញ និង​អភិវឌ្ឍតំបន់​តាមដងទន្លេ​កម្ពុជាឲ្យ​ក្លាយ​ជា​ប៉ូល​ទេសចរណ៍ដ៏ទាក់ទាញ ​ស្របតាម​យុទ្ធសាស្ត្រពិពិធកម្ម​ផលិតផល​ទេសចរណ៍​​របស់រាជរដ្ឋាភិបាល លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិតាមដងទន្លេ ព្រមទាំងជំរុញការតភ្ជាប់ និងពង្រឹងភាពជាដៃគូជាមួយប្រទេសជាមិត្ត។

ព្រមជាមួយ​នេះ ពិធីបុណ្យ​ទន្លេក៏ជាឱកាសដ៏ប្រសើរដើម្បី​ជំរុញ​ឲ្យគ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ក្នុង​ចលនា​ប្រឡង​ប្រណាំង ទីក្រុង​ស្អាត រមណីយដ្ឋានស្អាត សេវាល្អ​​ និងបដិសណ្ឋារកិច្ចល្អ ការប្រលងប្រណាំងទីក្រុងស្អាតកម្ពុជា និងការប្រលងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ការអភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ (River-based Tourism) ជាពិសេសការអភិវឌ្ឍនាវាទេសចរណ៍តាមដងទន្លេមេគង្គតាមស្តង់ដាអាស៊ាន (ASEAN Mekong River Cruise Standard) និងការអប់រំ​យល់ដឹង​ជា​សាធារណៈ​ដល់​​ប្រជា​ពលរដ្ធមូលដ្ឋានអំពី​សារៈប្រយោជន៍​នៃ​ធនធានតាមដង​ទន្លេ៕