សម្ភោធសមិទ្ធផលនៅវត្តចឹកវ៉ា នៅស្រុកកំពង់រោទិ៍ ចំណាយថវិកាជិត ២០ម៉ឺនដុល្លារ, លោកជំទាវ ម៉ែន សំអន៖ ព្រះពុទ្ធសាសនា ដើរតួនាទីអប់រំពលរដ្ឋខ្មែរឱ្យមានសីលធម៌ថ្លៃថ្នូរ និងព្រហ្មវិហារធម៌


(ស្វាយរៀង)៖ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ព្រះពុទ្ធសាសនា បានដើរតួនាទីអប់រំប្រជាពលរដ្ឋខ្មែរ ឱ្យមានសីលធម៌ថ្លៃថ្នូរ អាកប្បកិរិយាល្អ មានព្រហ្មវិហារធម៌ ចំពោះគ្នាទៅវិញទៅមក។ តាមរយៈការអប់រំនេះ ហើយដែលអាចបញ្ជៀសបាននូវអំពើអសីលធម៌នានា ពីក្នុងសង្គមមនុស្ស ជាហេតុធ្វើឱ្យសង្គមបង្កើត បាននូវវប្បធម៌ សន្តិភាពប្រកបដោយភាពជឿជាក់។

ការថ្លែងបែបនេះរបស់ លោកជំទាវ ម៉ែន សំអន បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងពិធីកាត់ខ្សែរបូរ និងសម្ពោធសមិទ្ធផល នៅក្នុងវត្តបជ្ជិនវាស ហៅវត្តចឹកវ៉ា ដែលចំណាយការសាងសង់អស់ថវិកា ១៦៣,៩០០ដុល្លារ ស្ថិតក្នុងភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ពិធីនេះក៏មានការចូលពី ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកនាយកបេឡាជាតិ សន្តិសុខសង្គម និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋប្រមាណជាង១០០០នាក់។

 លោកជំទាវ ម៉ែន សំអន បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខរួមទុក្ខ ជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

 លោកជំទាវ ម៉ែន សំអន បានថ្លែងបញ្ជាក់ថាសម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយគាំពារសង្គម ក្នុងការជួយសម្រួល និងដោះស្រាយ នូវការលំបាករបស់បងប្អូនកម្មករ និយោជិកដូចជា ការតម្លើងប្រាក់ខែ ការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីពេលឆ្លងទន្លេ ការបង្កើតបេឡាជាតិ សន្តិសុខសង្គម ការបញ្ចុះតម្លៃ ទឹក ភ្លើង និងការតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

 លោកជំទាវបន្តថា សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានគិតគូរប្រាក់ខែដល់កម្មករ កម្មការិនីរោងចក្រ ដែលជាប់គាំងពុំមានដំណើរការ ក្នុងអំឡុងពេលវត្ថុធាតុដើមផ្គត់ផ្គង់មិនទាន់ នៅពេលដែលមានការវាយលុកពី វីរុស កូរូណា COVID-19 នេះ។ គឺរដ្ឋាភិបាលបានចេញ ២០ភាគរយ ចំណែកឯម្ចាស់រោងចក្របានចេញ ៤០ភាគរយ។

 លោកជំទាវ ម៉ែន សំអន បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុតដែលការញរខ្លួន បានពីជំងឺគ្រប់ប្រភេទ រួមទាំងជម្ងឺ COVID-19 ផងដែរ។ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងនូវភូមិ-ឃុំ មានសុវត្ថិភាពនៅមូលដ្ឋាន និងរួមគ្នាថែរក្សានូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឱ្យបានគង់វង្ស សម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។

ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានក្រើនរំលឹកដល់មន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវា អប់រំសុខភាព ការបង្ការជំងឺ និងផ្តល់សេវាសុខាភិបាលជូនប្រជាជននៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរៀងៗ ខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕