ទីស្ដីការក្រសួង៖ នាព្រឹក៣១ ខែមករា ឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡាបានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពី គម្រោងរយៈពេល ០៥ឆ្នាំ ក្នុងកម្មវិធីជាតិជំរុញ និងលើកកម្ពស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ជាមួយអង្គការស្ទែមកម្ពុជា ដើម្បីជំរុញយុវជនកម្ពុជាឱ្យកាន់តែមានការចាប់អារម្មណ៍ខ្លាំងលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ព្រមទាំងការអប់រំ ការសិក្សា ការស្រាវជ្រាវ នវានុវត្តន៍ ការប្រកួតប្រជែង ការងារអាជីព និងវិជ្ជាជីវៈដែលទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាដើម្បីឆ្លើយតបទៅនឹងគោលនយោបាយឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។
ពិធីនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្ដមបណ្ឌិត ហង់ ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក Allen Dodgson Tan ប្រធានក្រុមប្រឹក្សាភិបាល តំណាងអង្គការស្ទែមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម William Heidt ឯកអគ្គរដ្ឋទូតអាមេរិក និង ឯកឧត្ដម Bill Longhurst ឯកអគ្គរាជទូតអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីកម្មវិធីជាតិជំរុញ និងលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា
