ភ្នំពេញ: សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យមន្ត្រីដែលពាក់ព័ន្ធក្នុងការដឹកជញ្ជូន ទាំងគយក្ដី ទាំងខាងកំពង់ផែក្ដី រហូតមកទីក្រុងភ្នំពេញជួយសម្រួលក្នុងការដឹកវត្ថុធាតុដើម ដើម្បីជៀសវាងការបិទរោងចក្រ និងព្យួរការងារ។ អ៊ីចឹងទេ គ្រប់ខេត្តជួយសម្រួលដល់រថយន្ដដឹកវត្ថុធាតុដើម ទៅកាន់រោងចក្រ។ ការថ្លែងបែបនេះ គឺធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៣,៤៥៨នាក់ នាព្រឹកថ្ងៃទី១០មីនា២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា សេដ្ឋកិច្ចនៅលើពិភពរងផលប៉ះពាល់ធ្ងន់ធ្ងរ ព្រោះចង្វាក់ផលិតកម្មគាំងនៅប្រទេសចិន ឬផ្អាកការផលិតនៅប្រទេសចិន ប៉ុន្តែកុំភ្លេចថាចិនដើរតួនាទីយ៉ាងសំខាន់នៅក្នុងពិភពលោក ប្រទេសមួយចំនួនដួចជាយើង (កម្ពុជា) ទទួលវត្ថុធាតុដើម៦០ភាគរយពីចិន ដើម្បីផលិតចេញនូវសម្លៀកបំពាក់សម្រាប់ការនាំចេញ។
សម្ដេចតេជោបញ្ជាក់ថា “សម្រាប់យើង(កម្ពុជា)ផលប៉ះពាល់បានមកដល់ នោះគឺខ្វះវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ឲ្យរោងចក្រកាត់ដេរ។ ប៉ុន្តែដោយសារសំណូមពររបស់កម្ពុជា ដែលធ្វើការយ៉ាងជិតស្និតជាមួយភាគីចិន ហើយក៏មានការយោគយល់ពីសំណាក់ភាគចិន។ មិត្តចិនបានយកកបាល់ចំនួន៧គ្រឿងសម្រាប់ដឹកឲ្យកម្ពុជា។” សម្ដេចបញ្ជាក់បន្ថែមថា “ម្សិលមិញបានចូលដល់កំពង់ផែក្រុងព្រះសីហនុ ដោយមានជាង៦០កុងតឺន័រ និងមានកប៉ាល់ចូលចតជាបន្តបន្ទាប់ ៥គ្រឿងចូលមកខេត្ដព្រះសីហនុ និង២គ្រឿងចូលក្នុងក្រុងហូជីមិញ អ្នកដែលចូលក្នុងក្រុងហូជីមិញ គឺសម្រាប់ផ្គត់ផ្គង់ឲ្យនៅតំបន់សេដ្ឋកិច្ចពិសេសបាវិត ព្រោះដឹកពីនោះមកជិតជាង។”
សម្ដេចបញ្ជាក់ផងដែរថា នៅក្នុងប្រទេសរបស់យើងរោងចក្រខ្លះផ្អាកការផលិត ប៉ុន្តែរោងចក្រខ្លះបង្កើនការផលិត គឺតំបន់សេដ្ឋកិច្ចពិសេសកំពង់ចាម និងតំបន់សេដ្ឋកិច្ចពិសេសបាវិត ដោយសារតែរោងចក្រទាំងនោះ ផលិតសំភារៈពេទ្យ៕