សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រកាសថា​នឹង​អញ្ជើញ​ទៅ​ខេត្តសៀមរាប​ដើម្បី​ទប់ស្កាត់​ការភ័យខ្លាច​ហួសហេតុ


ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៥ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​១០ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​ជា​សាធារណៈ​ថាស​ម្តេច​នឹង​អញ្ជើញ​ទៅ​ខេត្តសៀមរាប​។​ដើម្បី​ទប់ស្កាត់​ការភ័យខ្លាច​ហួសហេតុ ហើយ​សម្តេច​តេ​ជោ ហ៊ុន សែនបានប្រកាសថា ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង​មិន​លើក​ពេល​នោះទេ​ដោយ​សម្តេច​គ្រោង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៅ​ខេត្តបាត់ដំបង​ថែម​ទៀតផង​។

​ក្នុងឱកាស​នោះដែរ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ថ្លែង​កោតសរសើរ​ដល់​គ្រូពេទ្យ​បាន​ប្រឹងប្រែង​យក​សំណាក​របស់​អ្នកពាក់ព័ន្ធ និង​ក្រុមគ្រួសារ​របស់​បុរស​កើត​ជំងឺ​កូ​វីត​១៩ ទៅពិនិត្យ​។​សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ភរិយា និង​សាច់ញាតិ​របស់​បុរស​កើត​ជំងឺ​កូ​វីត​១៩ មាន​ភាពក្លាហាន​ណាស់ ដែល​បាន​ចេញមក​បកស្រាយ​លើ​បញ្ហា​នេះ​។​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រើសយក​វិធានការ​ការពារ​ជំងឺ​កូ​វីត​១៩​។​តែ​មិនត្រូវ​ខ្លាច​ហួសហេតុ​នោះទេ​ជាពិសេស​អំពាវនាវ​ប្រជា​ពលរដ្ឋ​ឱ្យ​នាំគ្នា​ប្រើ​ក្រមា​ជំនួស​ម៉ាស់ ដើម្បី​បង្ការ​ជំងឺ​កូ​វីត​១៩ ៕