មជ្ឃមណ្ឌលសាអូរីកម្ពុជា អំពាវនាវប្រជាពលរដ្ឋបន្តជួយគ្រាំទ្រ ផលិតផលក្រមាខ្មែរ ដើម្បីជួយលើកកម្ពស់ ជីវភាពជនមានពិការភាព


មជ្ឃមណ្ឌលសាអូរីកម្ពុជា  អំពាវនាវប្រជាពលរដ្ឋបន្តជួយគ្រាំទ្រ ផលិតផលតម្បាញក្រមាខ្មែរ ដើម្បីជួយលើកកម្ពស់ ជីវភាពជនមានពិការភាព អាចទទួលបានប្រាក់ចំណូលសម្រាប់ជួយក្រុមគ្រួសារ ។

អ្នកស្រី អ៊ុ អមរារ័ត្ន នាយិកាប្រតិបត្តិអង្គការសាអូរីកម្ពុជា (ម.ស.ក)  ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំងមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា  អង្គការសាអូរី មានទស្សនវិស័យចង់បានសង្គមមួយដែលជនមានពិការភាព  អាចមានឱកាសទទួលបាននូវជំនាញពិតប្រាកដ ដើម្បីមានលទ្ធភាពទទួលបាននូវការងារ និងប្រាក់ចំណូលសមរម្យ ព្រមទាំងរស់នៅដោយសេចក្តីថ្លៃថ្នូរ។  

អ្នកស្រីបានបន្តទៀតថា អង្គការសាអូរី មានបេសកកម្មផ្តល់នូវជំនាញវិជ្ជាជីវៈ និងមុខរបរសមរម្យ ដល់ជនមានពិការភាពគ្រប់រូបភាព តាមរយៈការធ្វើ សមាហរណកម្មជនមានពិការភាព ទៅក្នុងការបណ្តុះបណ្តាលជំនាញតម្បាញដោយដៃ ដើម្បីគាំទ្រការអភិវឌ្ឍវិជ្ជាជីវៈរបស់ជនមាន  ពិការភាព និងលើកកម្ពស់ការចូលរួមតាមរយៈសកម្មភាពនានា ដើម្បីឆ្លើយតប ទៅនឹងសេចក្តីត្រូវ ការរបស់ជនមានពិការភាព ជាពិសេសកុមារដែលមានសតិមិនប្រក្រតី បានផងដែរ។
 សូមមេត្តាជួយគាំទ្រផលិតផលនៅក្នុងស្រុក ជាពិសេសស្នាដៃជនមានពិការភាព មានន័យថាប្រជាជនឬជនមានពិការភាពនៅក្នុងស្រុករបស់យើង នឹងទទួលបានការងារកាន់តែច្រើន និងលើកទឹកចិត្តហើយក៏បង្កើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍របស់យើងដែរ ហើយការដែលយើងប្រើផលិតផលនៅក្នុងស្រុក គឺមានន័យថាជួយលើកស្ទួយដល់មុខមាត់ប្រទេសជាតិរបស់យើងថែមទៀតផង ហើយក៏ជួយបង្ហាញដល់អន្តរជាតិថាប្រទេសកម្ពុជាយើង ថាជនមានពិការភាពរបស់យើង មានមុខរបរ មានការងារ មានសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ដូច្នោះសូមជួយគាំទ្រស្នាដៃ ជនពិការ ដើម្បីឲ្យពួកគាត់ មានកំលាំងចិត្តបន្តការងារ វិជ្ជាជីវៈ កាត់បន្ថយភាពក្រីក្រនិងរស់នៅក្នុងសង្គមមួយដ៏មានសេចក្តីសុខ និងសេចក្តីថ្លៃថ្នូរទាំងអស់គ្នា។ »

អ្នកស្រីនាយិកាប្រតិបត្តិអង្គការសាអូរីកម្ពុជាបានបញ្ជាក់ទៀតថា  អង្គការសាអូរីកម្ពុជា បានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ កាលពីចុងឆ្នាំ២០១៩  ដើម្បីឲ្យជនពិកាកម្ពុជា មានជីវិតរស់នៅល្អប្រសើរតាមរយៈការបង្កើនជីវភាពរស់នៅ និងការទទួលស្គាល់ក្នុងសង្គមតាមរយៈវគ្គបណ្ដុះបណ្ដាលជំនាញតម្បាញ។ ហើយការផលិតក្រមានៅក្នុងអង្គសាអូរីកម្ពុជា ត្រូវបានយកកែច្នៃទៅជាវត្ថុប្រើប្រាស់ ដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប ដង្កៀប ឬបូសក់ ក្រវ៉ាត់ក ខ្សែស្បែកជើង និងវត្ថុផ្សេងៗទៀតជាច្រើន ដើម្បីឲ្យមានភាពប្លែកៗ ទៅតាមតម្រូវការទីផ្សារផងដែរ ៕