សម្ដេចតេជោ ហ៊ុន សែន បន្តស្នើឱ្យជនរួមជាតិធ្វើតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺឆ្លងនានា


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តស្នើឱ្យជនរួមជាតិទាំអស់បន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់បាក់តេរី និងមេរោគឆ្លងផ្សេងៗរួមទាំងមេរោគកូវីដ-១៩។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រីសរសេរថា សូមអរគុណបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់បង្កើនការប្រុងប្រយ័ត្ន លើអនាម័យរស់នៅទាំងសម្រាប់ខ្លួនឯងផង គ្រួសារផង និងសម្រាប់សហគមទាំងមូលផង។ សម្ដេចតេជោបន្តថា គ្រប់គ្នាមានការយល់ដឹង គ្រប់គ្នាចូលរួម គឺប្រាកដជាទប់ស្កាត់បាននូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាមិនខាន។ សម្តេចតេជោក៏សូមឱ្យបងប្អូនជនរួមជាតិបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យណាមួយ។ សម្តេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងទាំងឡាយ និងបានសប្បាយរីករាយជួបជុំជាមួយក្រុមគ្រួសារ និងមានលាភសំណាងល្អក្នុងថ្ងៃចុងសប្តាហ៍ និងក្នុងថ្ងៃឆេងម៉េងគ្រប់ៗគ្នា។ ជាមួយគ្នានេះ កុំភ្លេចដុសលាងសម្អាតដៃជាប្រចាំ ដើម្បីទប់ស្កាត់បាក់តេរី និងមេរោគឆ្លងផ្សេងៗ រួមទាំងមេរោគកូវីដ-១៩។ អរគុណសន្តិភាព។

គួរបញ្ជាក់ដែរថា បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានបង្ហាថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដនៅកម្ពុជា រួមមាន៖ អ្នកព្យាបាលជាសះស្បើយ សរុបចំនួនកើនដល់ ៤៩នាក់ អ្នកដែលកំពុងសម្រាកព្យាបាល បានថយចុះសរុបមកនៅចំនួន ៦៥នាក់ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេសសរុបចំនួន ១១៤នាក់៕