អាជ្ញាធរខេត្តឧត្តរមានជ័យ ចុះត្រួតពិនិត្យ ៥គោលដៅ ព្រំប្រទល់ខេត្តនិងខេត្ត អនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ-១៩


(ឧត្តរមានជ័យ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត និង ឯកឧត្តម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានចុះត្រួតពិនិត្យតាមគោលដៅចំនួន៥ ព្រំប្រទល់ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងព្រះវិហារ។

ការចុះពិនិត្យពេញមួយថ្ងៃ គឺថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្តីពី «ការកំណត់លើការធ្វើដំណើរក្នុងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩» ដែលបានអនុវត្តចាប់ពីម៉ោង២៤៖០០ ថ្ងៃទី៩ ខែមេសា រហូតដល់ម៉ោង ២៤៖០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ អនុវត្តតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះ លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានផ្តល់ជូនកងកម្លាំងដែលឈរជើងតាមព្រំប្រទល់នូវទឹកសុទ្ធ ទឹកក្រូច និងថវិកាមួយចំនួន សម្រាប់ដោះស្រាយការខ្វះខាតផងដែរ។

សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យ បានដាក់គោលដៅចំនួន៥កន្លែងសំខាន់ៗ សម្រាប់ត្រួតពិនិត្យ រួមមាន៖

* គោលដៅនៅស្រុកត្រពាំងប្រាសាទ ជាប់ព្រំប្រទល់ជាមួយខេត្តព្រះវិហារ
* គោលដៅស្រុកអន្លង់វែង ជាប់ព្រំប្រទល់ជាមួយខេត្តសៀមរាប
* គោលដៅផ្លូវជាតិ៥៦ ក្នុងស្រុកបន្ទាយអំពិល ជាប់ព្រំប្រទល់ជាមួយខេត្តបន្ទាយមានជ័យ
* គោលដៅផ្លូវជាតិលេខ៥៨ ក្នុងស្រុកបន្ទាយអំពិល ជាប់ព្រំប្រទល់ជាមួយខេត្តបន្ទាយមានជ័យ
* គោលដៅនៅស្រុកចុងកាល់ ជាប់ស្រុកស្រីស្នំ ខេត្តសៀមរាប៕