លោកជំទាវ ជូ ប៊ុនអេង បានជម្រុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងក្រុងកំពង់ឆ្នាំងយកចិត្តទុកដាក់តាមដានចំពោះបញ្ហាសុខភាពនិងជីវភាពពលរដ្ឋ


កំពង់ឆ្នាំងៈ លោកជំទាវ ជូ ប៊ុនអេង ប្រធានក្រុម
ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងក្រុងកំពង់ឆ្នាំង ត្រូវសហការយកចិត្តទុកដាក់ ធ្វើការពិនិត្យ និងតាមដានសុខភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលករដែលទើបត្រឡប់មកពីធ្វើការនៅក្រៅប្រទេសឲ្យបានល្អ ដើម្បីធានាបាន នូវការទប់ស្តាត់ ការឆ្លងជំងឺកូវីដ១៩ ពីខាងក្រៅមកចម្លងរាលដាលនៅក្នុងសហគមន៍ ។

លោកជំទាវ ជូ ប៊ុនអេង បានជម្រុញបែបនេះក្នុងពិធីជួបសំណេះសំណាល ចែកអំណោយដល់ប្រជាពលរដ្ឋ និង ចែកឯកសណ្ឋានប្រជាការពារ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នៅសាលាក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តផងដែរ។

លោកជំទាវ ជូ ប៊ុនអេង ក៏បានអោយដឹងទៀតថា បញ្ហាជំងឺកូវីដនេះ បានបន្តរាលដាលនៅទូទាំងសាកលលោក ដែលបង្ករអោយមនុស្សស្លាប់ជាបន្តបន្ទាប់ផងដែរ។ ដោយឡែកនៅប្រទេសកម្ពុជាវិញជំងឺកូវិដ១៩នេះ ក៏នៅតែបន្តរកឃើញអ្នកឆ្លងមេរោគនេះជាបន្តបន្ទាប់ គួរអោយព្រួយបារម្ភដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ តាមរយៈការធ្វើអនាម័យជាប្រចាំ គឺលាងសម្អាតដៃនិងសាប៊ូ ឬ អាល់កុល និង ហូបស្អាត ផឹកស្អាត ពាក់ម៉ាស់ ក្រម៉ា និង មិនត្រូវនៅប្រមូលផ្តុំគ្នាច្រើននោះទេ ។

លោកជំទាវ ជូ ប៊ុនអេង បានក្រើនរំលឹកដល់ថ្នាក់
ដឹកនាំមូលដ្ឋាន ត្រូវតែមានការយកចិត្តទុក ដាក់ត្រួតពិនិត្យសុខភាព និង ត្រៀមបំរុងទុកស្បៀង
អាហារសម្រាប់ផ្តល់ជូនពលរដ្ឋនៅក្នុងដំណាក់
កាល ប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ១៩នេះ ហើយបើប្រជាពលរដ្ឋណាមានការសង្ស័យនូវការឆ្លងជំងឺកូវីដ១៩ សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូល
ដ្ឋាន ដើម្បីបញ្ជូនទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យអោយទាន់ពេលវេលា ។

លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានអោយដឹងថាៈ កន្លងមកនេះ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានបន្តយ៉ាងយកចិត្តដាក់ក្នុងការដាក់វិធានការការពារទប់ស្កាត់ការីករាលដាលនៃជំងឺកូវិដ ១៩ តាមរយៈម៉ូតរឺម៉កកង់បី រថយន្ត ដោយបានចាក់សារអប់រំពន្យល់ណែនាំដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ។ ជាមួយគ្នានេះអាជ្ញាធរក្រុងបានរឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈផងដែរ។

អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាពេលនោះក្នុងម្នាក់ៗទទួលបាន អង្ករ ក្រម៉ា ទឹកខ្ពុលមាត់ និង សម្ភារៈប្រើប្រាស់មួយចំនួនទៀត ដោយប្រជាការពារក្នុម្នាក់ទទួលបានឯកសណ្ឋានប្រជាការពារ
១កំប្លេ ក្រម៉ា ,ឡាម ,និង វត្ថុប្រើប្រាស់មួយចំនួនទៀតផង ។ដោយអាជ្ញាធរក្រុង និង ក្រុមប្រឹក្សាឃុំ ទទួលបានអាល់ និង ប័ណ្ណអប់រំសុខភាពជំងឺកូវីដផងដែរ ។