ពិភពលោកទទួលស្គាល់សច្ចាប័នកម្ពុជាការប្រែប្រួលអាកាសធាតុ


អង្គ​ការ​សហ​ប្រ​ជា​ជាតិ បាន​ចេញ​សេចក្តី​ប្រ​កាស​ ទទួល​ស្គាល់​ការ​ផ្តល់​សច្ចា​ប័ន​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។

សេចក្តី​ជូន​ដំណឹង​ របស់​អគ្គ​លេខា​ធិការ​ដ្ឋាន​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ចុះ​ថ្ងៃ​ទី​៦​កុម្ភៈ បាន​បញ្ជាក់​ថា ការ​ផ្តល់​សច្ចា​ប័ន​នេះ​នឹង​ចូល​ជា​ធរ​មាន​សម្រាប់​កម្ពុជា នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧ នោះ​គឺ​រយៈ​ពេល​ ៣០​ថ្ងៃ ​បន្ទាប់​ពី​អង្គ​ការ​សហ​ប្រ​ជា​ជាតិ ​បាន​ទទួល​យក​លិខិត​តុប្ប​ករណ៍​ផ្តល់​សច្ចា​ប័ន​ពី​កម្ពុជា​ទៅ​តម្កល់​ទុក​។

ការ​ទទួល​ស្គាល់​នេះ​ នឹង​ធ្វើ​អោយ​កម្ពុជា​ទទួល​បាន​នូវ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​… ​ការ​ចែក​រំលែក​បច្ចេក​វិទ្យា​ដែល​មេ​ត្រី​ភាព​ជា​មួយ​អាកាស​ធាតុ​និង​បរិ​ស្ថាន និង​ការ​កសាង​សមត្ថ​ភាព ដែល​អាច​ឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួល អាកាស​ធាតុ និង​គ្រោះ​មហន្ត​រាយ តាម​រយៈ​ការ​អនុ​វត្ត​សកម្ម​ភាព​បន្សុំា និង​ការ​កាត់​បន្ថយ ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​រួម​ចំណែក​គាំទ្រ​ដល់​ការ​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព​របស់​ជាតិ​។

កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ត្រូវ​បាន​អនុ​ម័ត​នៅ​ក្នុង​សន្និ​សីទ​បណ្តា​ភាគី​លើក​ទី​២១ នៃ​អនុ​សញ្ញា​ក្រម​ខណ្ឌ សហ​ប្រ​ជា​ជាតិ​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ (​Co​P21​) នៅ​ទី​ក្រុង​ប៉ារីស ប្រ​ទេស​បារាំង នា​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥​។ កិច្ច​ព្រម​ព្រៀង​នេះ ​មាន​គោល​បំណង​ដើ​ម្បី​ពង្រឹង​ការ​ឆ្លើយ​តប​ជា​សកល ​ទៅ​នឹង​ការ​គំរាម​កំហែង​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ នៅ​ក្នុង​បរិ​បទ​នៃ​ការ​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើ​ម្បី​លុប​បំបាត់​ភាព​ក្រីក្រ ដែល​រួម​មាន​៖

​     ១​- ការ​កំហិត​កំណើន​សីតុណ្ហ​ភាព​មធ្យម​ពិភព​លោក ឲ្យ​នៅ​ត្រឹម​ក្រោម​ ២​អង្សា​សែល​ស៊ុស ធៀប​នឹង​កម្រិត​សីតុណ្ហ​ភាព​មុន​បដិ​វត្តន៍​ឧស្សាហ​កម្ម និង​បន្ត​ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើ​ម្បី​កំហិត​កំណើន​សីតុណ្ហ​ភាព​ឲ្យ​នៅ​ត្រឹម​ក្រោម​ ១​,​៥ អង្សា​សែល​ស៊ុស​

​២- ការ​បង្កើន​សមត្ថ​ភាព​ដើ​ម្បី​បន្សុំា​ និង​ពង្រឹង​ភាព​ធន់​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​ជំរុញ​ការ​អភិ​វឌ្ឍ​បញ្ចេញ​កាបូន​ទាប​ ដែល​មិន​បង្ក​ការ​គំរាម​កំហែង​ចំពោះ​ផលិត​កម្ម​ស្បៀង

​     ៣-​ ការ​ធ្វើ​ឲ្យ​មាន​លំហូរ​ហិរញ្ញ​វត្ថុ​ប្រ​កប​ដោយ​សង្គតិ​ភាព ជា​មួយ​ដំណើរ​ការ​អភិ​វឌ្ឍ​ ដែល​ធន់​នឹង​អាកាស​ធាតុ​ និង​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កម្រិត​ទាប​។