លោកយាយចាស់ជរាគ្មានទីពឹងមានជំងឺលើសឈាមខូចមួយចំហៀងខ្លួនបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ អាជ្ញាធរដែនដី បានចុះសាកសួរសុខទក្ខ និងបាននាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងនិងថវិការបស់លោកជំទាវបណ្ឌិត វណ្ណ លុយ អនុប្រធានកិត្តិសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងជូនដល់លោកយាយ ណៃ សៅ អាយុ
៧៥ ឆ្នាំ មានជំងឺលើសឈាមខូចមួយចំហៀងខ្លួនរស់ជាមួយចៅស្រីមិនគ្រប់សតិ នៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អម សុភា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមក សម្តេច តែងតែគិតគូរពីសុខទុក្ខជនចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋ ជួបការលំបាកគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

ឯកឧត្តម អម សុភា ក៏បានផ្ដាំផ្ញើអោយ លោកយាយ ណៃ សៅ ត្រូវថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត។ ជាពិសេសរួមគ្នាទប់ស្កាត់អោយបានជំងឺរាតត្បាតកូវីដ១៩ដោយអនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលលោកយាយ ណៃ សៅ ទទួលបានរួមមានៈអង្ករ ៣០គ.ក្រ,ឃីត ១កញ្ចប់និងថវិកាចំនួន៦០ម៉ឺនរៀលរួមក្នុងការសាសង់ផ្ទះថ្មី ដែលជាអំណោយរបស់លោកជំទាវបណ្ឌិត វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង៕