ឯកឧត្តមអភិបាលខេត្ត បន្តចុះចែកអំណោយដល់ពលរដ្ឋខ្វះខាតចំនួន ៦០គ្រួសារ


តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង ឯកឧត្តមក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក ទុយ សុភ័ក្រ អភិបាលស្រុកបូរីជលសារ ព្រមទាំងមន្រ្តីរាជការសាលាស្រុក បានអញ្ជើញចូលរួមចែកអំណោយ ដល់ពលរដ្ឋខ្វះខាតចំនួន ៦០គ្រួសារ និងបន្តចុះអប់រំ វិធានការទប់ស្កាត់ បង្ការ ជំងឺមេរោគ កូវីដ១៩ កុំឲ្យរីករាលដាលនៅសហគមន៍ នៅស្រុកបូរីជលសារ ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការអប់រំណែនាំ អំពីវិធានការបង្ការ និងទប់ស្កាត់ អំពីរីករាលដាលនៃមេរោគកូវីដ កុំអោយមានឆ្លងនៅសហគមន៍របស់យើង គឺត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩នេះ។

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានបន្ថែមទៀតថា ប្រសិនបងប្អូនទាំងអស់មានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ក្នុងនាមជាអណាព្យបាលត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ត្រូវធ្វើការដាក់ខ្លួនដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និត ស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ប្រសិនមានអាការៈសង្ស័យណាមួយត្រូវប្រញាប់ទាក់ទងមកមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមលេខ ១១៥។

សូមបញ្ជាក់ដែរថា អំណោយដែលបានប្រគល់ជូននាឱកាសនោះដែរគឺជាអំណោយបានមកពីសប្បុរសជននានា ផ្ដល់ជូន រដ្ឋបាលខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគកូវីដ សម្រាប់ផ្ដល់ពលរដ្ឋរងគ្រោះដោយសារ ផលប៉ះពាល់ពីមេរោគកូវីដ។ ពលរដ្ឋខ្វះខាតចំនួន ៦០គ្រួសារ ទទួលបានក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម អំបិល១គីឡូ ប៊ីចេង១គីឡូ ទឹកត្រី១យួរ មី២៥កញ្ចប់ អាលកុល១ដប សាប៊ូ ២ដុំ និងក្រម៉ា ១ ផងដែរ ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ដោះស្រាយបានមួយរយះពេលផងដែរ៕