ក្នុងដំណើរអញ្ជើញជាអធិបតីប្រារព្វពិធីបុណ្យមាឃបូជានៅក្នុងបរិវេណព្រះសក្យមុនីចេតិយ នាភ្នំព្រះរាជទ្រព្យ (ឧដ្តុង្គ) នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលថ្វាយបង្គំ និងជម្រាបសួរសុខទុក្ខព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ លោកតា និងលោកយាយជីនៅវត្តធម្មត្រ័យ ស្ថិតក្នុងភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។ ក្នុងឱកាសនោះ បន្ទាប់ពីលោកអាចារ្យ គណៈកម្មាការវត្តបានរាការណ៍អំពីសភាពការណ៍រួមរបស់វត្ត និងសុខភាពព្រះគ្រួចៅអធិការ សម្ដេចបានថ្លែងនូវអំណរសរសើរចំពោះការរីកចម្រើនរបស់វត្ត និងគោលបំណងនៃការបន្តកសាងវត្តនេះឲ្យក្លាយជាអារាម ជាទីសក្ការបូជារបស់ពុទ្ធសាសនិកគ្រប់រូប។ ទាក់ទងនឹងសុខភាពរបស់ព្រះគ្រូចៅអធិការ សម្ដេចបានប្រគេនបច្ច័យចំនួន ១ ០០០ (មួយពាន់) ដុល្លារ និង ២០០ ០០០ (ពីរសែន) រៀល សម្រាប់បន្តព្យាបាល។ ជាមួយនោះ សម្ដេចក៏បានជូនបច្ច័យដល់លោកតា លោកយាយ និងកូនសិស្សលោក ក្នុងម្នាក់ៗចំនួន ២០ ០០០ (ពីរម៉ឺន) រៀល ផងដែរ ៕