ក្រសួងសាធារណៈការធ្វើការព្រមានអ្នកចាក់ដី


     ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ព្រមាន​ថា​​ ក្រសួង​នឹង​ចាត់​វិធាន​ការ​តឹង​រឹង ​ចំពោះ​បុគ្គល​ណា​ដែល​សាង​សង់​សំណង់ លុប​ប្រឡាយ ស្រះ គន្លងបង្ហូរទឹក សម្រូល​សុវត្ថិភាព​ផ្លូវ​ថ្នល់ និង​ធ្វើ​កិច្ច​សាធារណៈ​ឬ​ឯកជន នៅ​ក្នុង​ដី​ចំណី​ផ្លូវ​ជាតិ​លេខ​៤ ដោយ​គ្មាន​ការ​អនុញ្ញាត ពី​សមត្ថកិច្ច​គ្រប់​គ្រង​ផ្លូវ​ថ្នល់​ ។

     សេចក្តី​ព្រមាន​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ហេតុ​ការណ៍​គន់​ខ្លះ បាន​កើត​ឡើង​ក្រោយ​ក្រុម​ហ៊ុន អេហ្សិត​របស់​ លោក​ឧកញា អ៊ឹង ប៊ុនហូវ បាន​បញ្ចប់​កុង​ត្រា​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ ហើយ​បាន​ដក​ចេញ​ពី​ការ​ដ្ឋាន​សំណង់​ផ្លូវ​ជាតិ​លេខ​៤ ដោយ​បន្សល់​ទុក​កន្លែង​មិន​ទាន់​សាង​សង់​ហើយ និង​កន្លែង​បង្ហូក​មួយ​ចំនួន​ដែល​មិន​ទាន់​ធ្វើ​បង្ហើយ ​។

     សេចក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ប្រជាជន​ខ្លះ បាន​ធ្វើ​ការ​លុប​ប្រឡាយ និង​កែ​សំណង់​តាម​ផ្លូវ​មួយ​ចំនួន ដែល​បណ្តាល​អោយ​ខុស​នឹង​គម្រោង​សាង​សង់​ ។ សេចក្តី​ជូន​ដំណឹង​បាន​និយាយ​ថា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ក្រសួង​សង្កេត​ឃើញ​ថា មាន​ការ​កើន​ឡើង​នូវ​បាតុ​ភាព​រំលោភ​បំពាន​ច្បាប់ ពី​បុគ្គល​មួយ​ចំនួន ដូច​ជា​ការ​សាង​សង់​សំណង់ ការ​លប់ប្រលាយ ស្រះ គន្លង​បង្ហូរ​ទឹក សម្រូល​សុវត្ថិភាព​ផ្លូវ​ថ្នល់ ការ​លក់​ដូរ និង​ការ​ចត​យាន​យន្ត គ្មាន​សណ្តាប់​ធ្នាប់​លើ​ដី​ចំណី​ផ្លូវ ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ នៅ​តាម​បណ្តាយ​ផ្លូវ​ជាតិ​លេខ៤​ ។​

     លិខិត​បាន​ស្នើ​ឲ្យ​សាធារណជន ដែល​ជា​ម្ចាស់​លំនៅ​ស្ថាន ឬ​ម្ចាស់​កម្មសិទ្ធិ អចលន​ទ្រព្យ និង​ចលន​ទ្រព្យ និង​អ្នក​ប្រើ​ប្រាស់​ទាំង​អស់ ចូល​រួម​សហការ​អនុវត្ត​ច្បាប់​ក្នុង​ការ​គ្រប់​គ្រង​ និង​ការ​ការពារ​ដី​ចំណី​ផ្លូវ សំណង់​ និង​ការ​ថែរក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤​នេះ ឲ្យ​មាន​ប្រសិទ្ធ​ភាព និង​និរន្តភាព​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ។