ខេត្តរតនគីរី ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងឲ្យដឹងថា ក្រុមពលរដ្ឋដែលមានគ្មានប្រមាណ ៧០ នាក់ដែលចូលទន្ទ្រានដីព្រៃខុសច្បាប់ និងថែមទាំងដុតកម្ទេចស្នាក់ការមន្ត្រីឧទ្យានុរក្ស នៅភូមិសាស្ត្រភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី១០ ខែឧសភា គឺជាទង្វើខុសច្បាប់ទាំងស្រុង។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្ថែមថា «ទង្វើនេះនឹងមិនត្រូវអត់ឱនបានឡើយ ហើយមេខ្លោងដែល បានញុះញង់បំផ្លាញសម្បត្តិរបស់រដ្ឋ និងប្រឆាំងនឹងការអនុវត្តច្បាប់ត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ជាដាច់ខាត» ។
ឯកឧត្តមបានបន្តថា ក្រុមការងារមន្ទីរបរិស្ថានបានកំណត់មុខសញ្ញាចំនួន ១៤ រូបរួចហើយជាជនដែលញុះញង់បង្កឱ្យមានការដុតបំផ្លាញទីស្នាក់ការមន្ត្រីបរិស្ថាន ហើយបាននិងកំពុងកសាងសំណុំរឿង ប្តឹង កាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា មូលហេតុនៃការឈានដល់ដុតកម្ទេចស្នាក់ការមន្ត្រីឧទ្យានុរក្សនេះ ក៏ព្រោះកាលពីថ្ងៃទី៨ និងទី៩ ខែឧសភា ឆ្នាំ ២០២០ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំនៅស្រុកតាវែង បានសហការ ាមួយកម្លាំងអធិការស្រុកតាវែង បានចុះធ្វើសកម្មភាពយាមល្បាតទប់ស្កាត់ការកាប់រានដីព្រៃធ្វើកម្មសិទ្ធិ ក្នុងតំបន់របៀងអភិរក្សជីវចម្រុះ ស្ថិតក្នុងភូមិសាស្ត្រ ឃុំតាវែងលើ ដោយកម្លាំងចម្រុះបានបោះស្លាកសញ្ញាហាមកាប់ដើមឈើ និងហាមកាប់រានទន្ទ្រានដីព្រៃ និងបានបោះស្លាកនៅតាមទីតាំងដែលមានការកាប់រានយកដីព្រៃ និងយើងបានធ្វើការធ្វើការដកហូត រណាយន្តចំនួន ២ គ្រឿង និងរុះរើរោងចំការចំនួន ៤ កន្លែង និងឱ្យពួកគេធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពទៀត។
ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តច្បាប់នេះបានធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៧៥ នាក់ដែលរំលោភច្បាប់នោះមានការខឹងសម្បាយ៉ាងខ្លាំងហើយបាននាំគ្នាមកដុតបំផ្លាញទីស្នាក់ការតែម្តង។ ចំណែកស្នាក់ការដែលត្រូវបានក្រុមពលរដ្ឋដុតបំផ្លាញនោះធ្វើពីឈើប្រកសង្ក័សី ទំហំ 6×9 ម៉ែត្រទើបសាងសង់រួចថ្មី និងមួយទៀតធ្វើពីឈើប្រកសង្ក័សីទំហំ 6×8ម៉ែត្រជាទីស្នាក់ចាស់ និងបានបង្កឱ្យខូចខាតសំភារៈមួយចំនួន។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តទៀតថា ដីព្រៃជាច្រើនហិកតាដែលក្រុមពលរដ្ឋទាំងនោះទន្ទ្រានកាន់កាប់ដោយខុសច្បាប់នឹងត្រូវដកហូតមកវិញ។ ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថា គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញឬលក់ដូរដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិបានឡើយ។
ព្រមជាមួយគ្នានោះ ក្រសួងបរិស្ថានក៏សូមស្នើសុំ បងប្អូន ប្រជាពលរដ្ឋដែលមិនបានយល់ដឹង
ច្បាស់ពីច្បាប់ សូមឈប់ចាញ់បោកជនខិលខូចបន្តទៀត និងសូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពខុសច្បាប់ជាអាទិ៍ ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រានដីព្រៃ ការសាងសង់ខ្ទម ឬរោង នៅក្នុងតំបន់ការពារធម្មជាតិ។
ជាពិសេសគឺត្រូវបញ្ឈប់ជាបន្ទាន់នូវ រាល់ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ដីរដ្ឋដោយខុស ច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ហើយត្រូវរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង និងប្រគល់ ទីតាំងដីទាំងនោះដោយឥតលក្ខខណ្ឌមកជូនក្រសួងបរិស្ថានគ្រប់គ្រងវិញ បើពុំនោះទេនឹង ត្រូវប្រឈមមុខនឹងវិធានការច្បាប់។