អ្នកនាំពាក្យ​CPP ៖ ជំនួប​រវាង​កឹ​ម សុខា និង​សម្តេច​តេ​ជោ​មិន​អាច​ឈាន​ដល់​ដោះ​លែង ឬ​លុប​ចោលការ​អនុវត្ត​ផ្លូវច្បាប់​ទេ


​ភ្នំពេញ ៖ ទាក់ទិន​នឹង​ជំនួប​ទ្វេភាគី​រវាង​លោក​កឹ​ម សុខា ជាមួយ​សម្តេច​តេ​ជោ ហ៊ុន​សែន កាល​ពេល​កន្លង​មកនេះ​មិន​អាច​ឈាន​ដល់​ការ​ដោះ​លែង ឬ​មួយ​លុប​ចោលការ​អនុវត្ត​ច្បាប់​នោះ​ទេ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។

ឯកឧត្តម ​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃរសៀល ថ្ងៃ​ទី​១១ ខែឧសភា តាម​ទូរស័ព្ទ​ថា ការ​ជួប​គ្នា​រវាង​សម្តេច​តេ​ជោ ជាមួយ​លោក កឹ​ម សុខា គឺ​មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ គឺ​គ្រាន់តែ​ជា​មនោសញ្ចេតនា​ដែល​លោក កឹ​ម សុខា អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ឧបាសិកា​ដែល​ជា​ម្តាយក្មេក​សម្តេច​តេ​ជោ ហ៊ុន សែន ។

ឯកឧត្តម​បញ្ជាក់​ថា ៖«​យើង​ឃើញ​ថា ពិធី​បាន​បញ្ចប់​៣ ឬ​៤​ថ្ងៃ​ហើយ គ្មាន​ប្រែប្រួល​នោះ​ទេ តែ​វា​គ្រាន់តែ​បង្ហាញ​ពី​មនោសញ្ចេតនា ក្នុង​ការ​រួមចំណែក​មរណទុក្ខ​ប៉ុណ្ណោះ​ទេ​» ។ យ៉ាងណា​ក្តី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ការ​ជួប​គ្នា​រវាង​សម្តេច និង​លោក កឹ​ម សុខា ក៏​ជា​ការ​ល្អ ព្រោះថា សម្តេច​តេ​ជោ មិន​ចាត់​ទុក​លោក​កឹ​ម សុខា ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ជា​ខ្មាំងសត្រូវ​នោះ​ទេ ។ ក៏​ប៉ុន្តែ​មិន​អាច​យក​ការ​ជួប ដើម្បី​ដោះ​លែង ឬ​មួយ​លុប​ចោលការ​អនុវត្ត​ផ្លូវច្បាប់​នោះ​ទេ ។ អ្នក​ដែល​ធ្វើ​ខុសច្បាប់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដដែល​ព្រោះថា​យើង​បាន​ប្រកាស​ថា ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​រួច​ហើយ ។

ក្រោយ​សំណួរ​រ​សួរ​ថា តើ​លោក កឹ​ម សុខា អាច​នឹង​ត្រូវ​បាន​លើកលែងទោស ឬទេ នៅ​ពេល​សាលាឧទ្ធរណ៍​បើក​សវនាការ​នៅ​ពេល​ខាង​មុខ​នេះ ?

ឯកឧត្តម ​សុខ ឥ​សាន​ បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​យល់​ថា លោក កឹ​ម សុខា មិន​ទាន់​ក្លាយជា​ទណ្ឌិត ឬ​អ្នកទោស​នោះ​ទេ ព្រោះ​តុលាការ​មិន​វិនិច្ឆ័យ ឬ​កាត់ក្តី​ឲ្យ​ជាប់គុក​ប៉ុន្មាន​ឆ្នាំ​ឯណា ? អី​ញ្ចឹ​ង​គាត់​មិនមែន​ទណ្ឌិត​នោះ​ទេ ហើយ​ការ​លើកលែងទោស​ត្រូវ​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ដើម្បី​លើកលែង ឬ​បន្ធូរបន្ថយ​មាន​ករណី​ទណ្ឌិត​នោះ​ទេ ។ ដូច្នេះ​មនុស្ស​មិន​ទាន់​មានទោស​ផង​យើង​លើកលែងទោស​យ៉ាងម៉េច​កើត?​» ។

ឯកឧត្តម​បន្ថែម​ថា ករណី​លោក កឹ​ម សុខា បាន​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​ធ្វើ​តាម​នីតិវិធី​នៅឡើយ ដូច្នេះ​យើង​មិន​អាច​សន្និដ្ឋាន​បាន​មុន​នោះ​ទេ ។ យើង​រង​ចាំ​មើល​លទ្ធផល​របស់​តុលាការ​ក្នុង​ការ​អនុវត្ត​នីតិវិធី​សួរ​ឆ្លើយ​នោះ​យើង​នឹង​ដឹង​ហើយ ។