រាជរដ្ឋាភិបាលកម្ពុជា គាំទ្រឲ្យរោងចក្រកាត់ដេរផលិតម៉ាស សម្ភារពេទ្យ និងសម្លៀកបំពាក់ការពារជំងឺឆ្លង ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា យល់ព្រមតាមសំណើរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដោយគាំទ្រ និងលើកទឹកចិត្តឲ្យបណ្តារោងចក្រកាត់ដេរ ចូលរួមធ្វើការផលិតម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំពាក់សម្រាប់ការពារជំងឺឆ្លង សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញ។ នេះបើយយោងតាមលិខិត របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែឧសភានេះ។

ក្នុងលិខិតរបស់ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសរសេរយ៉ាងដូច្នេះថា «យោងតាមសំណើរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ១៩ ដែលកម្ពុជា និងសកលលោកកំពុងមានតម្រូវការម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំពាក់សម្រាប់ការពារជំងឺឆ្លង រាជរដ្ឋាភិបាលកម្ពុជាគាទ្រ និងលើកទឹកចិត្តឲ្យបណ្តារោងចក្រកាត់ដេរនៅកម្ពុជា ចូលរួមធ្វើការផលិតម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំបាក់សម្រាប់ការងារជំងឺឆ្លង សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងបម្រើការនាំចេញ»៕