លោក ឌី រត្ន័ខេមរុណ បើកវគ្គបណ្តុះបណ្តាល និតិវិធីអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ក្នុងសង្កាត់ទាំង៧ តាមការស្នើសុំ ក្នុងកំឡុងពេលនៃការរីករាលដាលជម្ងឺ កូវីដ ១៩


(ភ្នំពេញ)៖ នៅវេលាម៉ោង ៧ៈ៣០ នាទីព្រឹក ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពីនិតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺ កូវីដ-១៩ នៅថ្នាក់ខណ្ឌ ដោយមានការចូលរួមពី លោក លោកស្រី ជាមន្ត្រីសម្របសម្រួល មកពីមន្ទីរផែនការ រាជធានីភ្នំពេញ, ប្រធាន និង មន្ត្រី ការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ,លោក លោកស្រី ចៅសង្កាត់ទាំង៧,សមាជិក ក្រុមប្រឹក្សាសង្កាត់(គ.ផ.ថ)។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងថា ៖

– រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកាត់បន្ថយភាពក្រីក្រ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងបានចាត់ទុកថាកម្មវិធីនេះជាឧបករណ៍ដ៍មានសារៈសំខាន់ ក្នុងការជម្រុញល្បឿនការកាត់បន្ថយភាពក្រីក្រឲ្យបានឆាប់រហ័ស ដើម្បីសម្រេចបានជោគជ័យក្នុងការអនុវត្ត ។

– ដោយសារប្រជាជនក្រីក្រមិនមែនរស់នៅតែតំបន់ជនបទ ដូច្នេះចាប់តាំងពី ឆ្នាំ ២០១៩មក ការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅតាមបណ្តា រាជធានី ខេត្ត គោលដៅនីមួយៗត្រូវអនុវត្តនីតិវិធី ២ផ្សេងគ្នាគឺ ៖

១. នីតិវិធី អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅទីជនបទ។

២. នីតិវិធី អត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅទីប្រជុំជន ។

គោលបំណងនៃដំណើរការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) មានដូចជា ៖

– អត្តសញ្ញាណកម្មគ្រួសារក្រីក្រ សំដៅដល់កំណត់គ្រួសារក្រីក្រ កម្រិតភាពក្រីក្រ ។

– អត្តសញ្ញាណកម្មគ្រួសារក្រីក្រមានគោលបំណងផលិត និងផ្តល់នូវទិន្នន័យគ្រួសារក្រីក្រតាមភូមិនីមួយៗ។

– គ្រួសារក្រីក្រដែលមានឈ្មោះក្នុងបញ្ជីគ្រួសារក្រីក្រចុងក្រោយនិងទទួលបានប័ណ្ណសមធម៌សម្រាប់ធ្វើជាមូលដ្ឋានក្នុងការស្វែងរកសេវា និងជំនួយផ្សេងៗពីភ្នាក់ងារផ្តល់សេវាគាំពារសង្គម ក្នុងព្រះរាជាណាចក្រកម្ពុជា សេវាទាំងនេះមាន ការផ្តល់សេវាសុខភាពដោយមិនគិតថ្លៃ ការផ្តល់អាហារូបករណ៍មានលក្ខខណ្ឌដល់សិស្សក្រីក្រ ការផ្តល់សេវាកសិកម្ម ការលើកលែងការបង់ប្រាក់ភាគទានផ្សេងៗ ការផ្តល់សាច់ប្រាក់ដោយមានលក្ខខណ្ឌដល់ស្តី្រមានផ្ទៃពោះ និងកុមារក្រោម អាយុក្រោម ២ ឆ្នាំ ។ល។

– ទិន្នន័យគ្រួសារក្រីក្រ នឹងត្រូវធ្វើបច្ចុប្បន្នរៀងរាល់ ៣ឆ្នាំម្តង ។

– អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងចូលរួមយ៉ាងសកម្មក្នុងការបំពេញបន្ថែមនូវទិន្នន័យគ្រួសារក្រីក្រដែលមាននៅក្នុងទិន្នន័យគ្រួសារក្រីក្រអោយកាន់តែល្អប្រសើរឡើង ។

ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សង្ឃឹម និង ជឿជាក់ថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហេីយ សិក្ខាកាមទាំងអស់ នឹងអាចយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តឲ្យបានកាន់តែទូលំទូលាយ ក៏ដូចជាជួយដល់ គ្រួសារក្រីក្រក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ព្រោះថាបងប្អូនគឺជាអ្នកនៅជិត និង ចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋានជាងគេបំផុត។