សភាកម្ពុជានៅតែត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ទោះមានបញ្ហាជំងឺកូវីដ១៩ក្តី


សភាកម្ពុជា ពិសេសលេខាធិការដ្ឋានជាតិ ASEP11 នៅតែបន្តការងារតាមប្រតិទិនដដែល នៅក្នុងការត្រៀមលក្ខណៈសម្បត្តិរៀបចំ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នាចុងឆ្នាំ២០២០ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមក នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP11 បានមានប្រសាសន៍ឲ្យដឹងថា បើទោះបីពេលនេះ ពិភពលោកបានទទួលរងការវាយប្រហារដោយជំងឺកូវីដ១៩ យ៉ាងណាក្តី កម្ពុជានៅតែមានឆន្ទៈនៅក្នុងការរៀបចំកិច្ចប្រជុំនោះ។

ឯកឧត្តមបានស្នើមន្រ្តីបន្តការងារតាមផែនការ និងតាមដានព័ត៌មានពីការវិវឌ្ឍន៍នៃជំងឺកូវីដ១៩នេះ ជាប់ជាប្រចំា។

សភាកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នៅខែតុលា ឆ្នាំ២០២០នេះ។ កិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលរាជរដ្ឋាភិបាលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅ ចុងឆ្នាំនេះដែរ។ ទំាងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ និងប្រជុំកំពូលអាស៊ី-អឺរ៉ុប មានប្រតិភូមកពីបណ្តាប្រទេសក្នុងតំបន់ អាស៊ី និងអឺរ៉ុប ៥៣ប្រទេសជាសមាជិក។

ប៉ុន្តែដោយសារជំងឺកូវីដ១៩ ការប្រជុំនេះ អាចនឹងមានការផ្លាស់ប្តូរ។  ទោះជាពេលនេះ គេមិនទាន់សន្និដ្ឋានថាយ៉ាងណា ឯកឧត្តម ឡេង ប៉េងឡុង ស្នើដល់មន្រ្តីទំាងអស់បន្តការងារជាធម្មតា។ ឯកឧត្តមបានលើកឡើងថា បើមិនអាចប្រជុំដោយផ្ទាល់បានដោយសារបញ្ហា កូវីដ១៩ ការប្រជុំតាមប្រព័ន្ធវីដេអូ ក៏អាចនឹងក្លាយជាជម្រើសមួយទៀត ដូច្នេះមន្រ្តីលេខាធិការដ្ឋានជាតិ ASEP11 ត្រូវតែត្រៀមលក្ខណៈ សម្បត្តិ និងបត់បែនតាមសភាពការណ៍៕