សាសនិកឥស្លាមក្រីក្រចំនួន ១០០គ្រូសារ ទទួលអំណោយមនុស្សធម៌ខែរ៉ម៉ាឌន ក្នុងខេត្តត្បូងឃ្មុំ


កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ឯកឧត្តម កេង ប៉ុណ្ណា អភិបាលរងខេត្តត្បូងឃ្មុំ អមដំណើរដោយឯកឧត្តម ម៉ាត់ ហ្គោហ្វូត ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្ត លោក សិន រំលី ប្រធានសមាគមមិត្តភាព និងសប្បុរសធម៌កម្ពុជា អាជ្ញាធរស្រុកពញាក្រែក និងសហការី បានបន្តចុះសាកសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ខែរ៉ម៉ាឌន ជូនសាសនិកឥស្លាមក្រីក្រចំនួន ១០០គ្រូសារ នៅក្នុងភូមិពោធិឥន្ទទី១ ឃុំពពេល ស្រុកពញាក្រែក និង ៥០គ្រួសារនៅភូមិអណ្ដូងតេជោ ឃុំរូង ស្រុកមេមត់។

ឯកឧត្តម ម៉ូត យូសុះ បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ជាពិសេសក្រោមការដឹកនាំរបស់សម្តេច ប្រជាពលរដ្ឋកម្ពុជាគ្រប់ជាតិសាសន៍ និងសាសនាបានរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព ការអធ្យាស្រ័យ និងយោគយល់គ្នា ដោយពុំមានកើតឡើងនូវការរើសអើងជាតិសាសន៍ និងសាសនាឡើយ។

ជាមួយគ្នានេះពាក់ព័ន្ធ និងបញ្ហាជំងឺកូវីដ១៩ ឯកឧត្តម បានផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន និងរក្សាការពារខ្លួនជានិច្ច ទោះបីកម្ពុជាបានព្យាបានជាទាំងស្រុងអ្នកជំងឺកូវីដ១៩ និងមិនមានរកឃើញករណីឆ្លងថ្មីក៏ដោយ។ ឯកឧត្តម បានផ្តាំផ្ញើអោយបងប្អូនសាសនិកឥស្លាមទាំងអស់បន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ជាពិសេសមិនត្រូវមានការជួបជុំផ្សេងៗនៅតាមវិហារ និងកន្លែងថ្វាយបង្គុំផ្សេងៗនៅថ្ងៃចេញបួសខែរ៉ាម៉ាឌនខាងមុខនេះឡើយ ដោយត្រូវថ្វាយបង្គំ និងប្រារព្ធពិធីសាសនាផ្សេងៗនៅតាមផ្ទះរៀងៗខ្លួន។

តមកនៅរសៀលថ្ងៃដដែល ឯកឧត្តម ម៉ូត យូសុះ និងប្រធានសមាគមមិត្តភាព និងសប្បុរសធម៌កម្ពុជា បានដឹកនាំសហការីបន្តចុះសាកសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រចំនួនពីរភូមិ គឺភូមិស្ដួច ឃុំដារ ស្រុកមេមត់ ចំនួន១០០គ្រួសារ និងភូមិ៧មករា ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំចំនួន៥០គ្រួសាររ។

សូមបញ្ជាក់ថាអំណោយមនុស្សធម៌ដែលចែកជូនប្រជាពលរដ្ឋនាពេលនេះទទួលបានពីសប្បុរសជនប្រទេសអារ៉ាបីសាអូឌីតតាមរយៈសមាគមមិត្តភាព និងសប្បុរសធម៌កម្ពុជាដោយក្នុងមួយគ្រួសារទទួលបាន ឣង្ករ២៥គីឡូក្រាម មី១២កញ្ចប់ ស្ករស ៣គីឡូក្រាម ប្រេងឆា៣លីត៕