ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានទទួលស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ដល់ប្រតិភូមួយក្រុមដឹកនាំដោយ ឯកឧត្តម សាយ សំអាល


រសៀលថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន គណៈកម្មការទី៣ ព្រឹទ្ធសភា និងជាស្ថាបនិក ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានទទួលស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ដល់ប្រតិភូមួយក្រុមដឹកនាំដោយ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រី ក្រសួង បរិស្ថាន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ អំពីការអភិវឌ្ឍន៍រីកចំរើន ហេដ្ឋារចនាសម្ព័ន្ធ សក្តានុពលភាពផ្នែកកសិកម្ម និងកសិឧស្សាហកម្ម ព្រមទាំងតំបន់ឆ្នេរសមុទ្រ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ឯកឧត្តម សាយ សំអាល និងប្រតិភូរួមដំណើរបានថ្លែងអំណរគុណដល់ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ជូនដំណើរប្រតិភូទាំងអស់ ធ្វើដំណើរទស្សនកិច្ចនៅតំបន់នេះ និងបានថ្លែងការកោតសរសើរ អំពីការដឹកនាំដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកំពង់ផែ ឧកញ៉ា ម៉ុង មានសេចក្តីសុខសប្បាយ ព្រោះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ មានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម មានទឹកស្អាត និងមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ផងដែរ។ ក្នុងឱកាសទស្សនកិច្ចសិក្សស្វែងយល់ នៅតំបន់អភិវឌ្ឍន៍ទីក្រុងកំពង់ផែ ឧកញ៉ា ម៉ុង ឯកឧត្តម សាយ សំអាល និងប្រតិភូរួមដំណើរទាំងអស់ ត្រូវបានលោកជំទាវ ម៉ែន ស៊ុន ម៉ុងឫទ្ធី រៀបចំអំអិនម្ហូបអាហារ ដ៏មានរស់ជាតិឈ្ងុយឆ្ងាញ់ពិសារទទួល ក្នុងបរិយាកាស យ៉ាងសប្បាយរីករាយផងដែរ៕