អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ច្រាំងទន្លេ នៅក្នុងក្រុងកំពង់ចាម និងស្រុកកោះសូទិន


ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម អមដំណើរ ដោយឯកឧត្ដមអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ នេះ បានអញ្ជើញចុះពិនិត្យការរដ្ឋានគម្រោងសាងសង់ច្រាំងទន្លេ នៅសង្កាត់បឹងកុក និងសង្កាត់កំពង់ចាម នៃកំពង់ចាម និងគម្រោងសាងសង់ច្រាំងទន្លេ ស្ថិតនៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ផងដែរ ។

គូសបញ្ជាក់ផងដែរថា ដោយសារទឹកជំនន់ទន្លេមេគង្គ នាពេលកន្លងទៅ បណ្ដាលរងឲ្យប៉ះពាល់ហេដ្ឋរចនាសម័្ពន្ធនានា មួយចំនួន មានដូចជា ៖ ផ្លូវ កៅស៊ូ និងលំនៅដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងទន្លេមេគង្គ ។ ដោយមើលឃើញស្ថានភាព ទាំងអស់នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានឲ្យក្រុមការងារបច្ចេកទេស មន្ទីរធនធានទឹក និងឧតុនិយម សិក្សាលក្ខណៈបច្ចេកទេស យ៉ាងម៉ត់ចត់បំផុត ដើម្បី រកវិធីសាស្ត្រ ធ្វើយ៉ាងណា ការពារមិនឲ្យ មានការបាក់ស្រុតច្រាំង ជាបន្តទៀត ។

ឆ្លើយតបទៅនឹង ក្ដីបារម្ភទាំងអស់នោះ អាជ្ញាធរខេត្ត ក៏បានធ្វើការដោះស្រាយ លើទីតាំងមួយចំនួន ដែលទទួលរងការបាក់ស្រុតនោះ ទៅតាមលទ្ធភាព និងជាជំហ៊ានៗ ផងដែរ ។ ជាក់ស្ដែង មកដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពង់ចាម បានអនុញ្ញាតិឲ្យ វិស័យឯកជន ដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង ធ្វើការសាងសង់ខឿនការពារច្រាំងទន្លេ នៅទីតាំងដែលរង់ការបាក់ស្រុតច្រាំងមួយចំនួន ឡើងវិញ ដោយប្រើប្រាស់ កញ្ចប់ថវិកាប្រចាំឆ្នាំ របស់រដ្ឋបាលខេត្ត និងថវិការាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងធនធានទឹក ដែលជាអាទិ៍មាន ៖

១.គម្រោងកែលម្អច្រាំងទន្លេ ប្រវែង ២១ម៉ែត្រ ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលសម្រចការងារបានប្រមាណ ១០០% ហើយ ។

២.គម្រោងសាងសង់ច្រាំងទន្លេប្រវែង ៥៥ម៉ែត្រ ក្នុងជំហ៊ានទី១ នៃគម្រោង សរុបមានប្រវែង ១៨៥ម៉ែត្រ ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម សម្រេចការងារបាន ២០% ។

៣.គម្រោងសាងសង់ច្រាំងទន្លេ របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រវែង ៧០ម៉ែត្រ ស្ថិតនៅសង្កាត់ កំពង់ចាម ក្រុងកំពង់ចាម សម្រេចការងារបាន ១០០% ហើយ ។

៤.គម្រោងសាងសង់ច្រាំងទន្លេប្រវែង ៦០ម៉ែត្រ ស្ថិតនៅឃុំព្រង ស្រុកកោះសូទិន និងបានបន្ត ពិនិត្យកន្លែងផ្សេងៗទៀតដែល មានការស្រុតច្រាំងក្នុង ស្រុកកោះសូទិន ហើយមកដល់ពេលនេះ សម្រេចការងារបាន ២០% ។

យ៉ាងណាម៉ិញ ជាការឆ្លើយតបទៅនឹងចំណាត់ការ របស់អាជ្ញាធរ លើការកសាងគម្រោងការពារច្រាំងនេះដែរ បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ប្រឈម បានចូលរួមសម្ដែងនូវសេចក្ដីសប្បាយរីករាយ និងការអបអរសាទរ ជាខ្លាំង ចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយបានយកចិត្តទុកដាក់អំពីសុខទុក្ខ របស់ប្រជាពលរដ្ឋយើង ។

ក្នុងសកម្មភាព ចុះពិនិត្យការដ្ឋានគម្រោងទាំង ៤កន្លែង ខាងលើនេះដែរ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម ក៏បានលើកការជម្រុញ ទៅដល់អ្នកទទួលការសាងសង់ ពន្លឿនការងារដែលនៅសេសសល់ ដើម្បី ឲ្យទាន់មុនទឹកតម្លើង ឈានចូលមកដល់ ៕