រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្ដីពីស្ថានភាពនៃចរាចររថយន្តដឹកដីតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ


នារសៀលថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីស្ថានភាពនៃចរាចររថយន្តដឹកដីតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចនឹងកើតមានឡើងជាយថាហេតុ ដែលបង្កដោយរថយន្តធំៗដឹកទំនិញ និងរថយន្តដឹកដី ក្នុងការចាក់បំពេញតំបន់អភិវឌ្ឍន៍មួយចំនួនក្នុងតំបន់នោះ។ ដើម្បីកុំឱ្យមានការរាំងស្ទះនឹងការអភិវឌ្ឍន៍ ត្រូវប្ដូរពីការដឹកដីតាមរថយន្ត មកជីកកប់បំពង់ទុយយោក្រោមដីមកចាក់បំពេញវិញ ហើយចំពោះរថយន្តដឹកទំនិញត្រូវអនុវត្តតាមសារាចរណែនាំរបស់រដ្ឋបាលរាជធានីភំ្នពេញ ក្នុងការដឹកទំនិញចូលរាជធានីភំ្នពេញ៕