ឯកឧត្តម សុខ ឥសាន៖ ការ​ចុះ​មូលដ្ឋាន​មិនមែន ដើម្បី​រាយ​ការ​ណ៍​ទៅ​អង្គការ​ខុមហ្វ្រែល​នោះទេ


ភ្នំពេញ ​៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិន​មាន​អ្វី​ចម្លែក​ទេ ការ​វាយតម្លៃ​របស់​អង្គការ COMFREL នេះ វា​មិន​យុត្តិធម៌​ទេ ហើយ​ការ​ធ្វើ​ការ​របស់​តំណាងរាស្ត្រ​គណបក្ស មិនមែន​ដើម្បី​រាយ​ការ​ណ៍​ទៅ​អង្គការ​ខុមហ្វ្រែល​ឲ្យ​ជ្រាប​នោះ​ទេ ហើយក៏​មិនមែន​ធ្វើ​តម្រូវ​ចិត្ត​របស់​អង្គការ​ខុមហ្វ្រែល​នោះដែរ​។

ការ​លើកឡើង​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាននេះ បាន​ធ្វើឡើង​បន្ទាប់ពី​អង្គការ​ខុមហ្វ្រែល (COMFREL) កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ បាន​រៀប​ចំ​វេទិកា​ពិភាក្សា​មួយ ស្តីពី​ការអង្កេត​រដ្ឋសភា តំណាងរាស្ត្រ និង​ផ្សព្វផ្សាយ​របាយការណ៍ ដែល​ខ្លួន​រកឃើញ ក្នុង​ឆ្នាំ​ទី​៣ នីតិកាល​ទី​៥។

ឯកឧត្តម​បន្ត​ថា “​ការ​ចុះ​ទៅ​នេះ​ដើម្បី​សួរ​សុខ​ទុក​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា ដែល​ជួបប្រទះ​នៅ​មូលដ្ឋាន ត្រង់​គាត់​ដឹង ឬ​មិន​ដឹង យើង​មិនដឹង​ទេ​”។ ដោយឡែក​ទាក់ទង​នឹង​ការ​លើកឡើងថា បក្ស​កាន់អំណាច​បាន​បំពាន​អភ័យ​ឯក​សិ​ទ្ធិ និង​បន្ថយ​តួនាទី​របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង​នោះ ឯកឧត្តម សុខ ឥសាន បាន​លើក​ឡើង​ថា ការចាប់ខ្លួន​តំណាងរាស្ត្រ​បក្សប្រឆាំង​នោះ មិនមែន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ ឬ​លើ​អភ័យឯកសិទ្ធិ​នោះទេ គឺជា​បទល្មើស​ជាក់ស្តែង​។

ឯកឧត្តម ​បញ្ជាក់​យ៉ាង​នេះ​ថា “​ការចាប់ខ្លួន​លោក ហុង សុខ​ហួរ លោក អ៊ំ សំអាន នេះ មិនមែន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ ឬ​លើ​អភ័យឯកសិទ្ធិ​នោះទេ ពីព្រោះ​នៅក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែងថា នៅពេលណា​តំណាងរាស្ត្រ​បាន​ប្រព្រឹត្តិ​បទល្មើស​ជាក់ស្តែង អភ័យឯកសិទ្ធិ​អត់​មានការ​តវ៉ា ឬ​មក​ជំនួស​ការពារ​សាមី​ជន​នោះ​បាន​ទេ ត្រូវ​រលាយ​ដោយ​ឯងៗ ដូច្នេះ​គាត់​និយាយ​ហ្នឹង គាត់​យល់​ច្រឡំ​ហើយ ដោយ​គោលជំហរ​របស់​គាត់​ការពារ គាំទ្រ កាន់ជើង​គណបក្សប្រឆាំង​១០០​ភាគរយ​”៕