ឯកឧត្តម សុខ ឥសាន៖ ការចុះមូលដ្ឋានមិនមែន ដើម្បីរាយការណ៍ទៅអង្គការខុមហ្វ្រែលនោះទេ


ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនមានអ្វីចម្លែកទេ ការវាយតម្លៃរបស់អង្គការ COMFREL នេះ វាមិនយុត្តិធម៌ទេ ហើយការធ្វើការរបស់តំណាងរាស្ត្រគណបក្ស មិនមែនដើម្បីរាយការណ៍ទៅអង្គការខុមហ្វ្រែលឲ្យជ្រាបនោះទេ ហើយក៏មិនមែនធ្វើតម្រូវចិត្តរបស់អង្គការខុមហ្វ្រែលនោះដែរ។
ការលើកឡើងរបស់អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម សុខ ឥសាននេះ បានធ្វើឡើងបន្ទាប់ពីអង្គការខុមហ្វ្រែល (COMFREL) កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ បានរៀបចំវេទិកាពិភាក្សាមួយ ស្តីពីការអង្កេតរដ្ឋសភា តំណាងរាស្ត្រ និងផ្សព្វផ្សាយរបាយការណ៍ ដែលខ្លួនរកឃើញ ក្នុងឆ្នាំទី៣ នីតិកាលទី៥។

ឯកឧត្តមបន្តថា “ការចុះទៅនេះដើម្បីសួរសុខទុកប្រជាពលរដ្ឋនៅមូលដ្ឋាន និងដើម្បីដោះស្រាយរាល់បញ្ហា ដែលជួបប្រទះនៅមូលដ្ឋាន ត្រង់គាត់ដឹង ឬមិនដឹង យើងមិនដឹងទេ”។ ដោយឡែកទាក់ទងនឹងការលើកឡើងថា បក្សកាន់អំណាចបានបំពានអភ័យឯកសិទ្ធិ និងបន្ថយតួនាទីរបស់តំណាងរាស្ត្រគណបក្សប្រឆាំងនោះ ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំងនោះ មិនមែនរំលោភលើរដ្ឋធម្មនុញ្ញ ឬលើអភ័យឯកសិទ្ធិនោះទេ គឺជាបទល្មើសជាក់ស្តែង។

ឯកឧត្តម បញ្ជាក់យ៉ាងនេះថា “ការចាប់ខ្លួនលោក ហុង សុខហួរ លោក អ៊ំ សំអាន នេះ មិនមែនរំលោភលើរដ្ឋធម្មនុញ្ញ ឬលើអភ័យឯកសិទ្ធិនោះទេ ពីព្រោះនៅក្នុងរដ្ឋធម្មនុញ្ញបានចែងថា នៅពេលណាតំណាងរាស្ត្របានប្រព្រឹត្តិបទល្មើសជាក់ស្តែង អភ័យឯកសិទ្ធិអត់មានការតវ៉ា ឬមកជំនួសការពារសាមីជននោះបានទេ ត្រូវរលាយដោយឯងៗ ដូច្នេះគាត់និយាយហ្នឹង គាត់យល់ច្រឡំហើយ ដោយគោលជំហររបស់គាត់ការពារ គាំទ្រ កាន់ជើងគណបក្សប្រឆាំង១០០ភាគរយ”៕