លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើននៅតំបន់ទេសចរណ៍ធម្មជាតិប្រវត្តសាស្រ្ត ស្ទឹងលិង្គ ១.០០០ ខេត្តសៀមរាប


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាមអញ្ជើញជាតំណាងសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានរៀបចំពិធីបួងសួងនៅ តំបន់ទេសចរណ៍ធម្មជាតិប្រវត្តសាស្រ្ត ស្ទឹងលិង្គ ១.០០០ ដែលមានទីតាំងស្ថិតនៅលើភ្នំគូលេន ខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីអភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវ ឧកញ៉ា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករប្រមាណជាង ៥០០នាក់ ។ ពិធីបួងសួងនេះត្រូវបានរៀបចំឡើង ដើម្បីបញ្ជៀសនូវគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ពិសេស ជៀសផុតពីជំងឺកូវីដ១៩ ។

លោកជំទាវក៏បានបួងសួងឲ្យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូម សម្តេចទាំងទ្វេរមានសុខភាពល្អ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍បន្ថែមទៀត និងជូនពរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា និងរដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

ជាចុងក្រោយលោកជំទាវក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនដល់អ្នកចូលរួមក្នុងកម្មវិធីទាំងជាង ៥០០នាក់ ដោយម្នាក់ៗទទួលបាននូវ ក្រម៉ា ១ ក្រណាត់ស និងថវិកាមួយចំនួន៕