រមណីយដ្ឋានថ្ងៃបាំងឆ័ត្រ ខេត្តកែប៖ ការរៀបចំសេដ្ឋកិច្ចចក្រាជាការចូលរួមចំណែកកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំណល់ និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព


នៅថ្ងៃទី០៦ ដល់ ០៨ ខែកក្កដា ឆ្នាំ២០២០ នៅរមណីយដ្ឋា​នថ្ងៃបាំងឆ័ត្រ តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន លោកជំទាវ ងិន លីណា អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចូលរួមជាអធិបតី និងដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពសេដ្ឋកិច្ចចក្រា ដើម្បីសាកល្បង និងលើកកម្ពស់នូវជម្រើសនានាសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងសំណល់ប្រកបដោយចីរភាព ក្រោមកិច្ចសហការសម្របសម្រួល ពីនាយកដ្ឋានសេដ្ឋកិច្ចបៃតង និងអង្គការអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្នុងការអនុវត្តន៍គម្រោង BESD ចំពោះសេដ្ឋកិច្ចចក្រា ដោយមានការចូលរួមក្រុមការងារនាយកដ្ឋានសេដ្ឋកិច្ចបៃតង តំណាងនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងមកពីអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងមកពីអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាងមកពីគណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​(គ.ជ.អ.ប.)​ តំណាងមកពីសាលាខេត្ត ក្រុមហ៊ុនប្រមូលសំរាម តំណាងមន្ទីរបរិស្ថានខេត្ត តំណាងសណ្ឋាគារ និងភោជនីយដ្ឋាន និងតំណាងUNDP សរុបប្រមាណ៤០នាក់។

គោលបំណងនៃកិច្ចប្រជុំនេះ​ រួមមាន៖ ១).​ពិភាក្សា និងស្វែងរកធាតុចូលសំខាន់ៗ ពីអ្នកជំនាញដើម្បីលើកសំណើសកម្មភាព និងពេលវេលាជាក់លាក់សម្រាប់អនុវត្តន៍សេដ្ឋកិច្ចចក្រា ២).ជំរុញការពិភាក្សាក្នុងការរៀបចំគម្រោងសាកល្បងសេដ្ឋកិច្ចចក្រាខ្នាតតូចសម្រាប់ខេត្តកែប ៣).ស្វែងយល់ពីការអនុវត្តន៍ល្អនៃសេដ្ឋកិច្ចចក្រារបស់សណ្ឋាគារ ទាក់ទងនឹងការមិនប្រើប្រាស់ប្លាស្ទីក និងការផលិតជីកំប៉ុស្ត និងការប្រើប្រាស់ឡើងវិញ ដើម្បីកាត់បន្ថយសំណល់។

ជាលទ្ធផលក្នុងរយៈពេលបីថ្ងៃនេះ កិច្ចប្រជុំទទួលបាននូវ ១).បទពិសោធន៍ក្នុ្ងងការអនុវត្តន៍ល្អការមិនប្រើប្រាស់ប្លាស្ទីក និងការផលិតជីកំប៉ុស្ត និងការប្រើ​ប្រាស់ឡើងវិញ ដើម្បីកាត់បន្ថយសំណល់ដែលស្របទៅបរិបទនៃសេដ្ឋកិច្ចចក្រា ២).ធាតុចូលសំខាន់ៗពីតំណាងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងតំណាងក្រុមហ៊ុនប្រមូលសំរាម សម្រាប់គាំទ្រដល់គោលបំណងយុទ្ធសាស្ត្រ និងសកម្មភាពជាក់លាក់នៃសេដ្ឋកិច្ចចក្រា ៣).កំណត់តួអង្គ និងដៃគូក្នុងការចូលរួមគាំទ្រអនុវត្តន៍សេដ្ឋកិច្ចចក្រា និង ៤).កំណត់ពេលវេលាជាក់លាក់សម្រាប់ប្រសិទ្ធភាពអនុវត្តន៍សេដ្ឋកិច្ចចក្រា។

លោកជំទាវ ងិន លីណា ក៏បានលើកឡើងនូវជំហ៊ានបន្ទាប់ នឹងធ្វើការកែសម្រួលឯកសារយុទ្ធសាស្រ្ត និងផែនការសកម្មភាពសេដ្ឋកិច្ចចក្រា និងក្របខ័ណ្ឌកាងារ ដើម្បីកំណត់គម្រោងអនុវត្តន៍ និងថវិកា ដោយភ្ជាប់ជាមួយសូចនាករ និងគោលដៅ មុននឹងឈានទៅការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអន្តរក្រសួង និងដៃគូពាក់ព័ន្ធ៕