ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះទៅជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋជួបការខ្វះខាតទឹក


បន្ទាប់ពីទទួលបានសំណើសុំកិច្ចអន្តរាគមន៍សង្គ្រោះស្រូវប្រាំងជួបការខ្វះខាតទឹក ពីប្រជាពលរដ្ឋ ចំនួន ៨៣ គ្រួសារ ក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៧ លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដឹកនាំក្រុមការងារ ចុះទៅកាន់ទីតាំងនោះ ។ ក្រោយពីបានពិនិត្យជាក់ស្តែងឃើញថា មានដំណាំស្រូវប្រាំងដែលបានដាំដុះចុងដៃប្រមាណ ១៣០ ហិកតា ក្នុងភូមិចំនួន ២ គឺភូមិគ្រួរ និងភូមិដូង កំពុងត្រូវការទឹកជាចាំបាច់ ។ ដោយតំបន់នោះជាតំបន់ដាច់ស្រយាល និងគ្មានផ្លូវសម្រាប់ដឹកជញ្ជូនម៉ាស៊ីនបូមទឹកខ្នាតមធ្យមរបស់មន្ទីរចូលទៅដល់ លោកប្រធានមន្ទីរបានសម្រេចផ្តល់ប្រេងម៉ាស៊ូតជាបឋម ចំនួន ២០០ លីត្រ សម្រាប់ដំណើរការម៉ាសុីនខ្នាតតូច (២២ សេះ) របស់កសិករនៅតំបន់នោះ ចំនួន ០២ គ្រឿង ដើម្បីបូមបញ្ជូនទឹកពីស្ទឹងស្ទោងបញ្ចូលទៅក្នុងអាងទឹកស្តៅ សម្រាប់បន្តផ្គត់ផ្គង់ដំណាំស្រូវដែលកំពុងត្រូវការទឹកទាំងនោះ ។ ទន្ទឹមនោះ លោកប្រធានមន្ទីរ បានចាត់ឱ្យក្រុមការងារចុះតាមដានជាប់ជាប្រចាំ និងបន្តផ្គត់ផ្គង់ប្រេងបន្ថែមទៀត ធ្វើយ៉ាងណាធានាឱ្យការងារបង្កបង្កើនផលនៅតំបន់នោះ ប្រព្រឹត្តទៅដោយរលូន រហូតចប់ចុងចប់ដើម ៕