លោកជំទាវ ម៉ែន សំអន ៖ សន្តិភាពគឺកើតឡើងក្រោមការដឹកនាំត្រឹមត្រូវរបស់សម្តេចតេជោ


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យផ្កាសាមគ្គីនៅវត្តទួលតាព្រហ្ម ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានមានប្រសាសន៍ថា ៖ សន្តិភាពមិនអាចកើតឡើងដោយឯកឯងនោះទេ ប្រសិនបើ គ្មានដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជានកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានដឹកនាំប្រទេសឈានទៅរកសន្តិភាពពេញលេញ និងមានការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះរួមមាន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។ លោកជំទាវក៏បានបន្តទៀតថា ការចូលរួមកម្លាំងសាមគ្គីធ្វើបុណ្យផ្កានាថ្ងៃនេះ ពិតជាបានបុណ្យកុសលខ្លាំងណាស់ ព្រោះយើងបានធ្វើបុណ្យធ្វើទាន ដើម្បីកសាងទីវត្តអារាមនៅវត្តទួលតាព្រហ្មនេះឲ្យកាន់ តែមានភាពរីកចំរើនទុកជាកន្លែងផ្តល់ចំណេះដឹងនិងក៏ជាទីកន្លែងសំរាប់ពុទ្ធបរិសទ័បាននាំគ្នាមកធ្វើបុណ្យផងដែរ។ លោកជំទាវបានជម្រុញដល់អាជ្ញាធរដែនដីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវបន្តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរថែមទៀត ជាពិសេស ត្រូវអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ហើយត្រូវបន្តដោះស្រាយនូវទុកកង្វល់ របស់ពលរដ្ឋព្រមទាំងបង្កើននូវការបម្រើសេវាសាធារណៈ និងពិនិត្យមើល និងដោះស្រាយនូវសេវាសំណូមពរឲ្យបាន កាន់តែប្រសើរបន្ថែមទៀត។
លោកជំទាវក៏បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា៖ ធនាគា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការ សមាគមន៍ដែលបានផ្តល់លុយឲ្យ ប្រជាពលដ្ឋខ្ចីនោះមិនមែនជារបស់រដ្ឋនោះទេ សូមប្រជាពលរដ្ឋកុំយល់ច្រឡំ ព្រោះមានគណបក្សមួយបានដើរនិយាយថា បើបក្សគេជាប់ឆ្នោតគេនឹងជួយលុបបំណុលធនាគាទាំងអស់នេះជាឃោសនាបោកប្រាស់ទេ សូមបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់គេ។
លោកជំទាវក៏បានធ្វើការអំពាវនាវដល់មាតាបិតាសិស្ស សិស្សានុសិស្ស អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនិងគ្រឿងញៀននិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕