រដ្ឋបាលខេត្តកំពង់ចាម បេីកកិច្ចប្រជុំផ្សព្វផ្សាយ សៀវភៅផែនការត្រៀមបម្រុងឆ្លេីយតបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត


នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីបេីកកិច្ចប្រជុំផ្សព្វផ្សាយ សៀវភៅផែនការត្រៀមបម្រុងឆ្លេីយតបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរ ក្រុង -ស្រុក ឃុំ សង្កាត់ក្នុងខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកសាងនូវមូលដ្ឋានគ្រឹះក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺច្បាប់ស្តីការគ្រប់គ្រងគ្រោះមហន្តរាយ និងលិខិតបទដ្ឋានគតិយុត្តិ ជាច្រើនលើការងារគ្រប់គ្រងគ្រោះមហន្តរាយ។

ឯកឧត្តម បានគូសបញ្ចាក់ថា ខេត្តកំពង់ចាម ក៏មិនខុសពីបណ្តារាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ជួប្រទះគ្រោះមហន្តរាយធំៗ ដូចជា៖ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ ជំងឺឆ្លងរាតត្បាត ការបាក់ស្រុត ច្រាំងទន្លេជាដើម។ មុខសញ្ញាគ្រោះថ្នាក់ទាំងនេះបានកើតឡើងជាញឹកញាប់ និងមានវិសាលភាព ដែលបណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្ស សត្វ ខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ប៉ះពាល់ដល់ ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម។ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ គឺចាំបាច់ត្រូវមាន ផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នជាមុន ហើយសៀវភៅផែនការនេះនឹងក្លាយជាឯកសារជំនួយ ដល់ដំណើរការ ក្នុងការគ្រប់គ្រងប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយឲ្យមានប្រសិទ្ធភាព ទាន់ពេលវេលា ផែនការត្រៀមបម្រុងនេះក៏ជាផែនទីបង្ហាញផ្លួវសម្រាប់ ការសម្រេចចិត្តនិងជាមូលដ្ឋានក្នុង ការបង្កើតនូវផែនការឆ្លើយតបសង្រ្គោះបន្ទាន់ នៅពេលដែលគ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួតកើតឡើង ហើយវាក៏នឹងក្លាយជាផែនការយុទ្ធសាស្រ្តឆ្លើយតបបន្ទាន់ គឺដើម្បីធានាថាអ្នក ដែលងាយរងគ្រោះបំផុតទទួល បាន ការការពារ គាំទ្រប្រកបដោយសុវត្ថិភាព និងទទួលបានជំនួយសង្រ្គោះដើម្បីបំពេញបាននូវរាល់ការ កង្វះខាត ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ប្រកបដោយនិរន្តរភាព ជៀសផុតពីផលប៉ះពាល់នាពេល អនាគត ពិសេសការកសាងបាននូវភាពធន់របស់សហគមន៍ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការជះឥទ្ធិផលជាសាកល។

ក្នុងឱកាសនៃការផ្សព្វផ្សាយសៀវភៅផែនការនោះ ឯកឧត្តម បានធ្វើការណែនាំដល់អាជ្ញាធរ ក្រុង-ស្រុក ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ៖
-ត្រូវត្រៀមរៀបចំទុកជាមុន ដោយ ប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើតឡើង។
-ត្រូវណែនាំដល់ប្រជាពលរដ្ឋ ពីវិធានការត្រៀមបង្ការគ្រោះមហន្តរាយផ្សេងៗ ដែលអាចនឹងកើតមាន។
-ត្រូវធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង-ស្រុក និងឃុំ-សង្កាត់ ស្របតាមអនុក្រិត្យ១៨៨អនក្រ.បក ស្តីពីការៀបចំ និងការប្រព្រឹត្តទៅ របស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ។
-ត្រូវចាត់តាំងមន្ត្រីទទួលខុសត្រូវតាមវិស័យ ជាសេនាធិការឲ្យ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង-ស្រុក និងត្រូវត្រៀមលក្ខណៈ សហការជាមួយ លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងការប្រមូលទិន្នន័យព័ត៌មាន អំពីផលប៉ះពាល់ នៃគ្រោះមហន្តរាយឲ្យបានទាន់ពេលវេលា។
-ត្រូវផ្តោត ការយកចិត្តទុកដាក់លើការងារ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយនៅក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួន។

ឆ្លៀតយកឱកាសនោះដែរ ដោយសារស្ថានភាព នៃជម្ងឺកូវីដ១៩ បានកំពុងរីករាលដាលនៅ ទូទាំងសកលលោក ពិសេសព្រះរាជាណាចក្រកម្ពុជា បានរកឃើញនូវករណីនាំចូលថ្មីៗ ក្នុងនាម ប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ១៩ ឯកឧត្តម បានស្នើឲ្យអាជ្ញាធរក្រុង-ស្រុក ឃុំ សង្កាត់ ត្រូវបន្តការអប់រំផ្សព្វផ្សាយអំពីវិធានការការពារនឹងទប់ស្កាត់នៃជម្ងឺកូវីដ១៩ នៅតាមមូលដ្ឋាន ដោយមិនត្រូវបន្ធូរដៃឡើយ។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងអំឡុងពេលឈប់សម្រាករយៈពេលរយៈពេល៥ថ្ងៃខាងមុខនេះ ដោយត្រូវធ្វើការផ្សព្វផ្សាយអប់រំ ពិសេសត្រូវគ្រប់គ្រងប្រជាពលរដ្ឋដែលទើបនឹង វិលត្រឡប់មកពីបរទេស ក៏ដូចជាការគ្រប់គ្រងការធ្វើចត្តាឡីស័ក ឲ្យបានច្បាស់លាស់ផងដែរ៕