ការប្រគុំតន្ត្រី សប្បុរសធម៌ ដើម្បីបរិស្ថាន និងទេសចរណ៍ ដែលរៀបចំដោយក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ បានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមនឹងមហាជនចូលរួមទស្សនាសរុបប្រមាណជាង២០០០នាក់។
ថ្លែងនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា គោលបំណងសំខាន់នៃការប្រគុំតន្ត្រីនេះ គឺដើម្បីកៀរគរមូលនិធិសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ និងការងារគ្រប់គ្រងបរិស្ថាន តាមរយៈការសម្តែងសិល្បៈអប់រំ បំផុសចលនាមហាជនឱ្យចូលរួមក្នុងសកម្មភាពគាំពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងការរស់នៅស្អាត ក្នុងទិសដៅលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃនៃបរិស្ថាន ឈានទៅផ្លាស់ប្តូរផ្នត់គំនិត និងប្រែក្លាយឥរិយាបថពលរដ្ឋឱ្យមានទម្លាប់ល្អចំពោះបរិស្ថាន។
នាឱកាសនេះផងដែរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍ថា ការប្រគំតន្ត្រីដែលមានការចូលរួមសម្តែងដោយសិល្បករ សិល្បការនីជាតិ និងជ័យលាភីបវរកញ្ញាពិភពលោក ២០១៦ និងបវរកញ្ញាខ្មែរអាមេរិក នាពេលនេះ គឺជាការរួមគ្នាបំផុសស្មារតីប្រជាជាតិនៅទូទាំងសកលលោក ឱ្យបន្តចូលរួមចំណែកលើកកម្ពស់គុណភាពបរិស្ថាន ធានារក្សាឱ្យបាននូវតុល្យភាពនៃប្រព័ន្ធអេកូឡូសុី ការរស់នៅដោយចីរភាព និងសុវត្ថិភាពនៃភពផែនដីទាំងមូល។ ជាមួយគ្នានេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា ដើម្បីប្រែក្លាយចំណេះដឹងបរិស្ថាន ឱ្យទៅជាការប្រតិបត្តិបរិស្ថាន គឺទាមទារឱ្យយើងទាំងអស់គ្នាអនុវត្តឱ្យបាននូវកម្មវិធី អារាមមេត្រូបរិស្ថាន និងសាលាមេត្រីបរិស្ថាន ដែលត្រូវអនុវត្តនៅតាមទីវត្តអារាម និងគ្រឹះស្ថានសិក្សានានា ដោយទន្ទឹមនឹងនេះ លោកជំទាវ បានជំរុញឱ្យក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធនានាត្រូវបន្តពង្រឹង និងពង្រីកកម្មវិធីអប់រំផ្សព្វផ្សាយព័ត៌មានបរិស្ថានឱ្យបានទូលំទូលាយតាមគ្រប់រូបភាព ដើម្បីបញ្ច្រាបចំណេះដឹងបរិស្ថាន និងលើកទឹកចិត្តឱ្យមានការចូលរួមក្នុងចលនាប្រលងប្រណាំងសកម្មភាពមេត្រីភាពបរិស្ថាន៕