កសិករ៨០៧គ្រួសារ នៅស្រុកជ័យសែន ខេត្តព្រះវិហារ ទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល


ស្រូវពូជដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវបាននាំយកទៅផ្តល់ជូនប្រជាកសិករ ៨០៧គ្រួសារ មកពីភូមិចំនួន៥ ក្នុងឃុំតស៊ូ និងឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។

ពិធីប្រគល់ពូជស្រូវនេះស្ថិតក្រោមវត្តមាន ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានគណៈកម្មការធិការគ្រប់គ្រង គ្រោះមហន្តរាយ និងលោកជំទាវ ចឹក ហេង អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត, លោក រស់ ហេង អភិបាលស្រុក និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត។

លោក ពឹង ទ្រីដា បានថ្លែងថា ទោះជាខេត្តព្រះវិហារ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់យ៉ាងណាក្តី តែរបាយទឹកភ្លៀងធ្លាក់មិនស្មើបានគ្រប់ឃុំឡើយ ជាក់ស្តែងនៅឃុំតស៊ូ និងឃុំស្អាង ស្រុកជ័យសែន ទើបតែទទួលបានទឹកភ្លៀងជោគជាំក្នុងសប្តាហ៍ទី២ នៃខែសីហានេះ។ កត្តាទាំងនេះហើយបណ្តាលឲ្យប៉ះពាល់ និងខូចសំណាប និងស្រែពង្រោះមួយចំនួនតូច ដែលបណ្តាលមកពីទឹកភ្លៀងធ្លាក់យឺតមិនតាមរដូវកាល។

តាមរបាយការណ៍លទ្ធផលក្រុមការងារគណៈកម្មការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានសហការជាមួយក្រុមការងាររដ្ឋបាលខេត្តព្រះវិហារ និងចូលរួមដោយមន្ទីរកសិកម្ម មន្ទីរធនធានទឹក អាជ្ញាធរស្រុក និងការិយាល័យពាក់ព័ន្ធ បានចុះវាយតម្លៃផ្ទាល់ដល់ទីវាលពីផលប៉ះពាល់ ខូចខាតដោយគ្រោះរាំងស្ងួត លើឃុំចំនួន២ គឺឃុំតស៊ូចំនួន២ភូមិ និងឃុំស្អាងចំនួន៣ភូមិ។ ស្រូវពូជដែលយកទៅផ្តល់ជូននៅពេលនេះមានចំនួន១០០០បេស្មើនិង២៥០០០គីឡូក្រាម។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ច័ន្ទ លំផាត់ និងលោកស្រី ចឹក ហេង បានថ្លែងជំរុញបងប្អូនប្រជាកសិករយើង ដែលទទួលបានស្រូវពូជនៅពេលនេះ ត្រូវយកទៅសាបព្រួស ស្ទូងដកឲ្យទាន់ពេលវា ទាន់ពេលនេះទឹកភ្លៀងធ្លាក់បានគ្រប់គ្រាន់៕