ឯកឧត្តម សុខ ឥសាន៖ ជនអគតិមួយចំនួនកំពុងប្រមាថព្រះចេស្តាព្រះមហាក្សត្រ ពាក់ព័ន្ធច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាទង្វើបំពានរដ្ឋធម្មនុញយ៉ាងធ្ងន់ធ្ងរ


(ភ្នំពេញ)៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ បានរិះគន់ក្រុមអ្នក​ប្រឆាំងមួយចំនួនថា កំពុងឃោសនាប្រមាថដល់ព្រះចេស្តាព្រះមហាក្សត្រ បន្ទាប់ពី​វិសោធនកម្មច្បាប់ស្តីពីគណបក្ស​នយោបាយ​នៅកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់។

ឯកឧត្តម សុខ ឥសាន បានថ្លែងថា គ្រាដែលច្បាប់នេះត្រូវបានប្រកាសឱ្យប្រើប្រាស់ មានការឃោសនាថា ព្រះមហាក្សត្រទ្រង់ពុំ​សព្វព្រះរាជហឫទ័យ ក្នុងការឡាយព្រះហស្ថលេខា ឱ្យប្រើប្រាស់វិសោធនកម្មច្បាប់នេះ។ លោកបានចាត់ទុកថា ការឃោសនា​បែបនោះ គឺជាការប្រមាថដល់ព្រះចេស្តា ព្រះមហាក្សត្រ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងយ៉ាងដូច្នេះថា៖ «ការនិយាយថា ព្រះមហាក្សត្រ មិនសព្វព្រះហប្ញទ័យ មិនចង់ទ្បាយព្រះហស្ថលេខា លើព្រះរាជក្រម ប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្ម​ច្បាប់ស្តីពីគណបក្ស​នយោ​បាយ ដែលជនអគតិបានឃោសនាបំភាន់មតិសាធារណៈ ក្នុងចេតនាកេងចំណេញខាងនយោបាយ។ ការនិយាយ​របស់ពួក​ទាំងនេះបានរំលោភរដ្ឋធម្មនុញ​ និងជាការប្រមាថ ព្រះចេស្តារព្រះមហាក្សត្រ យ៉ាងជាក់ស្តែង មិនអាច​ប្រកែកបានឡើយ»

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់បែបនេះថា «ដូច្នេះ នៅពេលអវត្តមាន ព្រះមហាក្សត្រ ដែលព្រះអង្គយាងព្យាបាលព្រះ​រាជសុខភាព នៅទីក្រុងប៉េកាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទី មានភារកិច្ចស្របច្បាប់ ក្នុងការចុះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យ ប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ»។