បុណ្យភ្ជំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក ។ ម៉្យាងទៀតពិធីកាន់វេនបិណ្ឌនេះ ពុទ្ធសាសនិកខ្មែរយើង បានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៤រោជ ខែ ភទ្របទ រហូតដល់ ថ្ងៃបុណ្យភ្ជំធំ ត្រូវថ្ងៃ១៥រោជ ខែ ភទ្របទ ដែលបងប្អូនជាមន្ត្រីរាជការអ្នកមុខអ្នកការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយបានមកជួបជុំគ្នា នាំយកនូវចង្ហាន់ ចំណីអាហារ ទៀនធូក បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សា តាមទីវត្តអារាមនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។ នាឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរនេះ ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការសាលាខេត្តសៀមរាប បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់វេនជាមួយបងប្អូនប្រជាពុទ្ធបរិស័ទ នៅវេនទី៤ ក្នុងវត្តទេពពោធិវង្ស ត្រូវថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅសង្កាត់គោកចក ក្រុងខេត្តសៀមរាប ។
បន្ទាប់ពីការគោរពថ្វាយភួងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និង នមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក និង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និង បងប្អូនញាតិមិត្ត ពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ និង សូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ ។
ឯកឧត្តម អ៉ឹង ហឿន បានលើកផងដែរពីប្រវត្តិបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យផ្សេងៗទៀតត្រូវបានប្រារព្ធឡើងវិញ ក្រោមដំបូលសុខសន្តិភាព ក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី ដែលជាបីតាសន្តិភាព បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរយើង នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សតវត្សរ៍ទី ២១នេះ។ ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសលជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និង ឲ្យបានទៅកាន់សុគតិភពថ្មី ហើយសូមងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។
ឯកឧត្តមក៏បានលើកផងដែរ ពីប្រវត្តិសាស្រ្តថ្មីមួយទៀតក្នុងសម័យតេជោ ហ៊ុន សែន បានផ្តល់កញ្ចប់ថវិកាចំនួន១៥០លានដុល្លាដែលត្រូវបានបញ្ចេញយកមកប្រើប្រាស់សម្រាប់ការអភិវឌ្ឍបណ្តាញផ្លូវក្នុងក្រុងទេសចរណ៍សៀមរាប-អង្គរ ខណៈ ពេលដែលវិបត្តិកូវីដ១៩កំពុងកៀបសង្កត់សេដ្ឋកិច្ចពិភពលោក វាគឺជាកូនជញ្ជីងសម្រាប់ការវាយតម្លៃ អំពីសមត្ថភាពដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការគ្រប់គ្រងដឹកនាំប្រទេសជាតិ ។ នេះមិនបានរាប់បញ្ចូលផងទេ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រើប្រាស់គោលនយោបាយជំនួយសង្គម ជួយដល់ប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩នោះ ។
បន្តមកឯកឧត្តម និង លោកជំទាវ បានធ្វើការវេប្រគេននូវទ័យវត្ថុ និង គ្រឿងឧបភោគបរិភោគ ចំនួន១១មុខ និង បច្ច័យ ២លានរៀលប្រគេនព្រះសង្ឃក្នុងវត្ត ដើមី្បសម្រាប់ប្រើប្រាស់ក្នុងឱកាសកាន់ព្រះវស្សា ព្រមទាំងសីលវ័ន្តសីលវន្តីចំនួន៥០នាក់ ម្នាក់ៗ ក្រណាត់ស១ដុំប្រាក់១ម៉ឺនរៀលផងដែរ ៕