រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញការពេញចិត្ត និងគាំទ្រពេញទំហឹង ចំពោះការបង្កើតឱ្យមាន «ផ្សារចុងសប្តាហ៍» ដែលជាការរួមចំណែកដ៏សំខាន់ជួយផ្សព្វផ្សាយ និងលក់ផលិតផលរបស់ប្រជាពលរដ្ឋ។
នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានអញ្ជើញចុះទៅទស្សនាផ្សារចុងសប្តាហ៍នៅក្នុងខេត្តបាត់ដំបង។ ដំណើរចុះទស្សនាការលក់ដូរនៅក្នុងផ្សារចុងសប្តាហ៍នេះ ក៏មានចូលរួមអភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ការបង្កើតផ្សារចុងសប្តាហ៍នេះឡើង គាំទ្រផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះ និងចិញ្ចឹមដោយកសិករ ហើយយកមកដាក់លក់នៅទីផ្សារនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ក្នុងឧកាសនោះថា «ការលក់បន្លែមាន់សាច់នៅផ្សារចុងសប្ដាហ៍នេះ ក្រៅពីផ្តល់ប្រាក់ចំណូលបន្ថែមដល់បងប្អូនកសិករ ក៏ធ្វើឱ្យអ្នកប្រើប្រាស់អាចជួបប្រាស័យទាក់ទងជាមួយកសិករផ្ទាល់ និងទិញកសិផលដែលមានប្រភពច្បាស់លាស់។ នៅថ្ងៃខាងមុខយើងខ្ញុំចង់ឃើញបងប្អូនទាំងអស់ប្រែក្លាយពីកសិករឆ្នើមទៅជាពាណិជ្ជករជោគជ័យ រកស៊ីកាន់តែចំណេញមានប្រាក់កាន់តែច្រើន។ នោះហើយគឺជាគោលបំណងចម្បងនៃគម្រោងរបស់យើង»។
ផ្សារចុងសប្ដាហ៍ជាសកម្មភាពចម្បងមួយ នៃសកម្មភាពនានារបស់គម្រាងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅថា «អេមស៍» និងជាយុទ្ធសាស្រ្តអាទិភាពមួយក្នុងចំណោមយុទ្ធសាស្ត្រជាច្រើនរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មនៅលើទីផ្សារ និងដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករខ្នាតតូចនៅតាមមូលដ្ឋាន តាមរយៈការធ្វើកសិ-ពាណិជ្ជកម្ម និងការតភ្ជាប់ទីផ្សារនៅក្នុងនិងក្រៅតំបន់។
មកដល់បច្ចុប្បន្ននេះ គម្រោងអេមស៍បើកដំណើរការសាកល្បងផ្សារចុងសប្ដាហ៍បានចំនួន ១២ខេត្តហើយ។ ផ្សារបើកមុនគេ គឺផ្សារចុងសប្ដាហ៍នៅខេត្តសៀមរាប ដោយបើកលក់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ និងមានការលក់ដូរបានល្អប្រសើរហូតមក។ គម្រោងអេមស៍មានផែនការបន្តបើកផ្សារដូចនេះ នៅបណ្ដាខេត្តគោលដៅផ្សេងទៀត និងរាជធានីភ្នំពេញនៅពេលឆាប់ៗខាងមុខ។
លោឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើ និងលើកទឹកចិត្តដល់ក្រុមការងារគម្រោងអេមស៍ និងក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តនីមួយៗ ខិតខំជួយ និងសម្របសម្រួលធ្វើយ៉ាងណា ឱ្យផ្សារចុងសប្តាហ៍ដែលកំពុងលក់ដូរមានដំណើរការល្អ និងមាននិរន្តរភាព។
ក្នុងដំណើរចុះទស្សនាផ្សារចុងសប្តាហ៍ម្សិលមិញនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រជាកសិករខិតខំដាំដុះជំរុញផលិតកម្មកសិកម្មរួមមាន៖ ការចិញ្ចឹម សត្វ ផលិតកម្មដំណាំស្រូវ និងដាំដំណាំផ្សេងៗទៀត ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ តាមតម្រូវការប្រើប្រាស់ក្នុងស្រុក ព្រមទាំងបង្កើតទីផ្សារជូនកសិករខ្នាតតូច ដែលជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម និងទីផ្សារ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យគម្រោងទីផ្សារសម្រាប់កសិកម្មខ្នាតតូច «អេមស៍» ត្រូវកៀរគរស្ថាប័នពាក់ព័ន្ធនានា និងខិតខំបង្កើនកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីធ្វើឱ្យខ្សែច្រវ៉ាក់តម្លៃឱ្យដំណើរការល្អប្រសើរ។ បន្ថែមពីលើនោះត្រូវបង្កើតផ្សារចុងសប្ដាហ៍នៅតាមខេត្តគោលដៅនីមួយៗ ដើម្បីផ្សព្វផ្សាយលក់ផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះ និងចិញ្ចឹមដោយកសិករផ្ទាល់។ ជាពិសេសលើកស្ទួយវិបុលភាពកសិករខ្នាតតូចតាមរយៈការបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ៕