មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី៖ «សៀវភៅ សមាគមសហគ្រិនស្ត្រី នឹងក្លាយជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព របស់ស្រ្តីនៅកម្ពុជា»


មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ឯកឧត្តម ថេ ឈុនហាក់ បានថ្លែងថា សៀវភៅ ស ឬសៀវភៅសហគ្រិនស្ត្រី នឹងក្លាយកម្លាំងចលករសំខាន់មួយ ជំរុញការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព របស់ស្រ្តីនៅកម្ពុជា។ ការអភិវឌ្ឍសហគ្រិនស្ត្រី ត្រូវបានចាត់ទុកជាការងារអាទិភាព និងចាំបាច់សម្រាប់ការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព, ចលករនៃកំណើន និងការធ្វើពិធិកម្មសេដ្ឋកិច្ច។ ជាក់ស្តែង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៩-២០២៣ បានកំណត់ជាក់លាក់ ឲ្យលើកកម្ពស់សហគ្រិន ភាពរបស់ស្ត្រី តាមរយៈការពង្រីក កម្មវិធីអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ស្ត្រី។

ការថ្លែងបែបនេះរបស់ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី គឺក្នុងឱកាសដែលឯកឧត្តមអញ្ជើញ ជា តំណាង ឲ្យលោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី ក្នុងពិធីសម្ពោធចេញផ្សាយជាផ្លូវការច្បាប់ទី១ នៃសៀវភៅ ស របស់សមាគមសហគ្រិនស្ត្រីកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋារកាំបូឌីយ៉ាណាភ្នំពេញ។

មន្រ្តីជាន់ខ្ពស់រូបនេះ បានថ្លែងបន្តថា នៅក្នុងន័យនេះ និងជាពិសេសស្របតាមបរិបទ ក្នុងកំឡុង និងការត្រៀមរៀបចំក្រោយពេល ការរីករាលដាលនៃជំងឺកូវីដ-១៩, វិធានការគោលនយោបាយសំខាន់មួយ របស់រាជរដ្ឋាភិបាល ក្នុងការជួយទ្រទ្រង់លើកស្ទួយកំណើន, រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតពិសេសលើការជួយដល់សហគ្រាសធុន តូចនិងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ នៅក្នុងនោះប្រមាណ៦៥% ស្ត្រីជាម្ចាស់អាជីវកម្ម។

ឯកឧត្តមបន្តថា របាយការណ៍ និងរបកគំហើញនៃការសិក្សានេះ គឺជាចំណែកដ៏សំខាន់ ក្នុងការចូលរួមពង្រឹង និងបញ្ជាក់បន្ថែមលើការដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងការអភិវឌ្ឍ សហគ្រិនស្ត្រី លើការចាត់វិធានការសមស្របផ្នែកគោលនយោបាយ ពិសេសការពង្រឹងប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព ឲ្យកាន់តែមានសក្តានុពល និងកាលានុវត្តភាព ប្រកបដោយបរិយាបន្ន។ ចំណុចគន្លឹះៗ នៅក្នុងការអនុសាសន៍គោលនយោបាយនេះ, មានភាពស៊ីចង្វាក់ជាមួយនឹងការ ដាក់ចេញ. ផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣ ជាពិសេសលើផ្នែកពង្រឹងភាព អង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។ នៅក្នុងនោះ ចំណុចសំខាន់មួយ ក្រសួងនឹងបង្កើតនិងដាក់ឲ្យ ដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសូមជម្រាបជូន ពីភាពពាក់ព័ន្ធគ្នារវាងគំនិត និងដំណើរការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី និងប្រវត្តិនៃការតាក់តែសៀវភៅស ។ លោកជំទាវរដ្ឋមន្ត្រីផ្ទាល់ បានយល់ឃើញ និងគាំទ្រ ដូចការរកឃើញជាបឋម របស់សេចក្ដីព្រាង សៀវភៅសនេះ, តាមរយៈការពិភាក្សា កាលពីខែសីហា ឆ្នាំ២០១៩។ លោកជំទាវរដ្ឋមន្ត្រី បានណែនាំឲ្យក្រុមការងារបច្ចេកទេសពិភាក្សា និងរៀបចំរកលទ្ធភាព ក្នុងការចាប់ផ្តើមកិច្ចការនេះ។ ក្រុមការងារសហគមន៍សហគ្រិនស្ត្រី និងក្រសួង ចាប់ផ្តើមគិតលើការបង្កើតមជ្ឈមណ្ឌល ដែលតម្រូវ ឲ្យមានការចូលរួមពីរដ្ឋ, វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងភាពជាដៃគូលើគំនិតផ្តួចផ្តើមនេះ។ ក្រសួងក៏សម្រេចធ្វើការសិក្សា ក្នុងការប្រើប្រាស់ អាគារដែលមានស្រាប់ នៅទីតាំងជិតជិតស្ថានទូត បារាំង ក្នុងការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី។ ក្នុងកិច្ចការនេះ ដំណាក់កាលចាប់ផ្តើម ក្រសួងកិច្ចការនារីរត្រូវដឹកនាំដំណើរការចាប់ផ្តើម និងរៀបចំ កិច្ចសំខាន់ៗនានា។ ចក្ខុវិស័យដ៏វែងឆ្ងាយរបស់យើង គឺការធ្វើឲ្យមជ្ឈមណ្ឌលនេះ មានទំនើបកម្ម ឆ្លើយតបនឹងតម្រូវការ និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ឬអាចឈានទៅជាអង្គ ភាពស្វ័យត។

ឯកឧត្តមបន្តទៀតថា ចំណុចនេះជាឧទាហរណ៍ជាក់ស្តែងមួយដែលបញ្ជាក់អំពីសារៈសំខាន់នៃរបកគំហើញនៃសៀវភៅសនេះ។ ក្រសួងកិច្ចការនារី នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ និងភាពជាដៃគូជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍសហគ្រិនស្ត្រីនៅកម្ពុជា ក៏ដូចជាដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងអនុសាសន៍នានា ក្នុងសៀវភៅសនេះ ព្រមទាំងលេខរៀងបន្តបន្ទាប់របស់សៀវភៅស។ ក្នុងនាមលោកស្រីរដ្ឋមន្ត្រី និងក្នុងនាមលោកបាទផ្ទាល់ ជាមួយនឹងការប្រកាសឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ ច្បាប់ទី១ នៃសៀវភៅស, ឯកឧត្តមសូមអំពាវនាវដល់ដៃគូពាក់ព័ន្ធទាំងអស់ (ទាំងក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍) ចូលរួមក្នុងបេ សកកម្មដ៏មានតម្លៃក្នុងការអភិវឌ្ឍសហគ្រិនភាពស្ត្រី ការដោះស្រាយវិសមភាព យេនឌ័រ ក្នុងប្រព័ន្ធអេកូឡូស៊ី ជាពិសេសតាមរយៈការរកឃើញនានា ក្នុងសៀវភៅសនេះ៕