ក្រសួងសុខាភិបាល និងអាកាសចរណ៍ស៊ីវិល ប្រជុំពិភាក្សាពីវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងវិស័យដឹកជញ្ជូនផ្លូវអាកាស


ក្រសួងសុខាភិបាល និងអាកាសចរណ៍ បានប្រជុំពិភាក្សាអំពី វិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងវិស័យដឹកជញ្ជូនផ្លូវអាកាស ដែលរៀបចំឡើងនៅទីស្តីការរដ្ឋលេខាដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល និងលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការចូលរួមពីតំណាងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៦ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។

លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីស្ថានភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩នៅកម្ពុជា ព្រមទាំងកិច្ចសហការយ៉ាងល្អរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងប្រទេសជាមិត្ត ដើម្បីទប់ស្កាត់ករណីនាំចូលពីក្រៅប្រទេស និងការពារឱ្យបាននូវការចម្លងចូលសហគមន៍ ដែលអាចនឹងកើតមានជាយថាហេតុ។

ក្រសួងសុខាភិបាល ក៏បានចែករំលែកនូវនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់អាជីវកម្មអាកាសចរស៊ីវិលផងដែរ។ ក្នុងឱកាសនោះ ក្រុមហ៊ុនអាជីវកម្មអាកាសចរណ៍ក្នុងស្រុកចំនួន៣ ក៏បានចែករំលែកនូវវិធានការការពារការចម្លងកូវីដ-១៩ ដែលបាននឹងកំពុងអនុវត្ត ព្រមទាំងបានប្តេជ្ញាថា នឹងអនុវត្តតាមវិធានសុខាភិបាល៕